ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងព័ត៌ មាន មិនដែលចាត់ទុក ការផ្សព្វផ្សាយព័ត៌មាន តាមរយៈហ្វេសប៊ុក គឺជាអង្គភាពសារព័ត៌មាន ទេ ឬក៏ព័ត៌មានមិនពិត ដូច្នេះបើផ្សាយព័ត៌មានមិនការពិត គឺទទួលខុសត្រូវ ចំពោះមុខច្បាប់។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងព័ត៌មាន» នាថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី លោក មាស សុភ័ណ្ឌ បានថ្លែងថា នាពេលកន្លងមក ក្រសួងព័ត៌មានតែតែងអំពាវនាវ ទៅដល់អ្នកលេងហ្វេសប៊ុកទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការបង្ហោះហេតុការណ៍អ្វីមួយ។

លោកបញ្ជាក់ថា «ក្រសួងព័ត៌មានរបស់យើង បានផ្ដល់អាជ្ញាប័ណ្ណទៅឲ្យការផ្សព្វផ្សាយហ្នឹង គឺ តាមរយៈគេហទំព័រ មិនមែនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកទេ ។ ចឹងក្រសួងព័ត៌មាន កន្លងមក មិនដែលចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានតាមហ្វេសប៊ុក គឺជាអង្គភាពសារ ព័ត៌មាន ដែលទទួលស្គាលដោយច្បាប់ ដោយចុះបញ្ជីព័ត៌មានទេ ។ គឺយើងផ្ដល់ ការទទួល ស្គាលតែការចុះបញ្ជី ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធគេហទំព័រ»។

លោកបន្ដថា អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលកំពុងមានចេតនា ក្នុងការផ្សព្វ ផ្សាយព័ត៌មានមិនពិត គឺទទួលខុសត្រូវចំពោះមុខច្បាប់។លោកថា ចែករំលែកព័ត៌មានមិនពិត គឺទាមទារនូវការទទួលខុសត្រូវផ្ទាល់ខ្លួន។

លោក អះអាងថា «ដូច្នេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលកំពុងតែមានចេតនា ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត គឺគាត់ទទួលខុសត្រូវចំពោះមុខច្បាប់ ។ ចឹងហើយ ការ ដែលគាត់ផ្សព្វផ្សាយ ឬក៏ចែករំលែកព័ត៌មានមិនពិតនេះ គឺទាមទារនូវការទទួលខុសត្រូវ ផ្ទាល់ខ្លួនរបស់គាត់ ក្នុងការផ្សព្វផ្សាយ ពីព្រោះការផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការ អនុវត្តនូវផ្ទុយទៅនឹងច្បាប់ជាធរមានរបស់កម្ពុជា ហើយកន្លងមកនេះ យើងឃើញហើយថា ការផ្សព្វផ្សាយព័ត៌មានមួយចំនួន ផ្សាយមិនការពិត ក៏ទទួលខុសត្រូវចំពោះមុខច្បាប់ ផងដែរ»។

ឆ្លៀតឱកាសនោះដែរ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន លើកឡើងថា ក្រសួងព័ត៌មាន កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់របបអ្នកសារព័ត៌មាន ដើម្បីស្របតាមការអភិវឌ្ឍរីកចម្រើន របស់សង្គមជាតិ និងបច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ន។

អនុរដ្ឋលេខាធិការ ថា «បន្ទាប់ពីចូលឆ្នាំខ្មែរប្រពៃណីជាតិនេះទៅ ក្រសួងព័ត៌មាន នឹងរៀបចំទៅតាមគោលការណែនាំ ទៅតាមនិតិវិធី ដើម្បីដាក់ស្នើសេចក្ដីព្រៀងច្បាប់នេះ (ច្បាប់របបអ្នកសារព័ត៌មាន) មកកាន់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ហើយនៅក្នុងទើសដៅ ក៏ខ្ញុំបានបញ្ជាក់ហើយដែលថា ដោយអនុវត្តតាមគោលការណ៍ណែនាំ និងនិតិវិធី ធ្វើយ៉ាងសម្រេចឲ្យបាន អនុម័ត្តច្បាប់នឹង ក្នុងឆ្នាំ២០២០»។

ចំណែក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍  លោក ផុស សុវណ្ណ បានថ្លែងថា និពន្ធនាយក ជាអ្នកទទួលខុសត្រូវ ចំពោះអត្ថបទចេញផ្សាយ ពីព្រោះគាត់អ្នកគ្រប់គ្រងអត្ថបទ តើផ្សាយ ឬមិនផ្សាយ? ត្រូវឆ្លងកាត់និពន្ធនាយកសិន មុនចេ ញផ្សាយ អត្ថបទ។

លោកថា «យោងតាមច្បាប់របបអ្នកសារព័ត៌មានកន្លងទៅ ការដកអាជ្ញាប័ណ្ណ គឺយើងផ្អែក ទៅលើច្បាប់នឹង គឺថា មិនថាខុសប៉ុន្មានដងទេ ឲ្យតែខុស ប៉ះពាល់ជាមួយសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន មានសិទ្ធិប្រមូលការសែតដកចេញ  អត់និយាយប៉ុន្មានដងឡើយ»។

សូមរំលឹកថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានផ្ដល់អាជ្ញាប័ណ្ណលើការប្រកប អាជីវកម្ម ខាងវិស័យព័ត៌មាន និងសោតទស្សន៍ ដូចជា ៖ទី១-ស្ថានីយ៍ទូរស្សន៍អាណាឡូក ចំនួន១៩ស្ថានីយ៍ ,ទី២-ស្ថានីយវិទ្យុ FM ចំនួន២២០ស្ថានីយ៍ ,ទី៣-សារព័ត៌មានផ្សាយតាម ប្រព័ន្ធអេឡិចត្រូនិច (គេហទំព័រ) ចំនួន៥៣៦អង្គភាព ,ទី៤-សារព័ត៌ មានបោះពុម្ភផ្សាយ ចំនួន៨០៧អង្គភាព ,ទី៥-សមាគមន៍អ្នកសារព័ត៌មាន ចំនួន៤៥អង្គភាព ,ទី៦-ទីភ្នាក់ងារសារ ព័ត៌មាន ចំនួន២២អង្គភាព និងទី៧-ចេញបណ្ណ័ព័ត៌មានជូនអ្នកសារ ព័ត៌មានជាតិ ចំនួន៣៥៤៩ និងអន្ដរជាតិ ចំនួន៦២ប័ណ្ណ៕

ដោយ  ៖  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ