ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ទោះបីស្ថិតក្នុងកាលៈទេសៈជំងឺកូវីដ-១៩ កម្ពុជា-ថៃ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀត បានយ៉ាងល្អជាទីមោទនៈ។

នាឱកាសអនុញ្ញាតឲ្យលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ចូលជួបជម្រាបលា នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អជាទីមោទនៈ»។

ឆ្លៀតឱកាសនោះ លោក ពុលថាប់ បានអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជា លើឆាកអន្តរជាតិ។

លោក បន្ដថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រីក នឹងពង្រឹង ខណៈពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង ១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ, វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ