ភ្នំពេញ៖ ក្នុងឱកាសឆ្លងឆ្នាំចាស់(ឆ្នាំកុរ ព.ស.២៥៦៣) ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(ឆ្នាំជូត ព.ស.២៥៦៤)នេះលោក កឹម សុខាបានផ្ញើសារជូនពរដល់ប្រជាពលខ្មែរទាំងនៅក្នុង និងក្រៅប្រទេស ឲ្យឆ្លងផុតពីជំងឺកូវីដ១៩។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នៅទូទាំងពិភពលោកបាននឹងកំពុងជួបប្រទះនូវគ្រោះកាចដោយជំងឺកូវីដ១៩ COVID-19 ធ្វើឲ្យទាំងអស់គ្នាមានការព្រួយបារម្ម មិនបានជួបជុំគ្នាច្រើន សប្បាយរីករាយដូចឆ្នាំមុនៗ។

លោកថា “ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមឲ្យបងប្អូនអត់ធ្មត់ ដោយរក្សាអនាម័យ និងការពារសុខភាពតាមការណែនាំរបស់សមត្ថកិច្ច។ ក៏ប៉ុន្តែសូមបងប្អូនពង្រឹងស្មារតីឲ្យរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយជឿជាក់ថា មនុស្សលោកនឹងយកឈ្នះលើជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗនេះជាមិនខាន”។

អតីតប្រធានបក្សប្រឆាំងបន្តថា ជាការកត់សម្គាល់ ឆ្នាំចាស់កន្លងទៅ ទន្ទឹមនឹងការរីកចម្រើនដែលមិន ប្រាកដប្រជាខ្លះៗ ពិភពលោកបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដែលមិនទាន់បានដោះស្រាយ ដូចជាទំនាស់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ អាវុធនុយក្លេអ៊ែរ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស បរិស្ថានជាដើម ស្រាប់តែផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩ដ៏សាហាវបាន និងកំពុងឆ្លងនិងសម្លាប់មនុស្សស្ទើរតែគ្រប់ប្រទេសរួមទាំងកម្ពុជាយើងផង។

 ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបង្ហាញនៅតែជឿជាក់ថា បើមនុស្សក្នុងពិភពលោកសាមគ្គីគ្នា សហការគ្នា មនុស្សនឹងយកឈ្នះលើបញ្ហាទាំងនោះ បាន ជាពិសេសពិភពលោកនឹងឈ្នះCOVID-19 ក្នុងពេលឆាប់ៗខាងមុខនេះ។ បើប្រជាពលរដ្ឋខ្មែរចេះគោរពស្រឡាញ់គ្នា ជួយគ្នា អត់ឱនឲ្យគ្នា រួបរួមគ្នា យើងនឹងឈ្នះមិនត្រឹមតែ COVID-19ទេ បន្ទាប់ពីនេះទៅទៀត ឲ្យតែខ្មែររួបរួមគ្នា នឹងដោះស្រាយបញ្ហាផ្សេងៗទៀត ដែលជាផលប្រយោជន៍របស់ប្រជាជាតិបានជាមិនខាន ។
 
លោកថា វីរុសកូវីដ១៩ នឹងរលាយសាបសូន្យអស់ពីភពផែន ដូច្នេះកម្ពុជា ជួបតែសុខសន្តិភាព វឌ្ឍនភាព ឯករាជ្យជាតិ និងឯកភាពជាតិរឹងមាំ ដើម្បីជាជម្រកដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕

ដោយ ៖ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ