ក្រសួងបរិស្ថាន មិនលើកលែង ចំពោះជនទាំងឡាយណា ដែលមកបំផ្លាញធម្មជាតិ និងបរបាញ់សត្វដោយខុសច្បាប់
ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអនុវត្តតាមផ្លូវច្បាប់ និងមិនលើកលែងចំពោះជនទាំងឡាយណា ដែលមកបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការបរបាញ់សត្វដោយខុសច្បាប់។
តាមរយៈវិដេអូឃ្លីបរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងឱកាសទិវាបរិស្ថាន ជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រសួងបរិស្ថាន អំពាវនាវទៅដល់ប្រជាពលរដ្ឋចូលរួមក្នុងការស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ និងការពារសត្វព្រៃ។
លោករៀបរាប់ថា ផ្ទៃដីនៅកម្ពុជាប្រមាណជា៤១% ត្រូវបានចាត់ទុកថា ជាតំបន់អភិរក្ស ដែល ស្ថិតក្នុងការគ្រប់គ្រង ក្រសួងបរិស្ថាន។លោកថា បច្ចុប្បន្ននេះក្រសួងកំពុងអភិរក្ស តំបន់ ៦៩ កន្លែង ក្នុងនោះរួមមាន ៖ ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ បេតិកភណ្ឌធម្មជាតិ និងរបៀងជីវៈចម្រុះ ដែលមានផ្ទៃដីប្រមាណជា ៧,៣លានហិចតា។
លោកបន្ដថា មន្ដ្រីឧទ្យានជាតិអនុរក្ស ចំនួន១២៦០នាក់ បាននិងកំពុងតែឈរជើង នៅតាម តំបន់ ការពារធម្មជាតិនានា នៅកម្ពុជាដើម្បីការពារ និងទប់ស្កាត់ បង្ក្រាប បទល្មើសធនធាន ធម្មជាតិដែលមានការ កាប់បំផ្លាញព្រៃឈើ កាន់កាប់ដីព្រៃខុសច្បាប់ និងបរបាញ់សត្វ ជា ដើម។
លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា «ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានតាំងចិត្ត ក្នុងការអនុវត្តច្បាប់ ដោយមិនលើកលែងឡើយ ចំពោះជនទាំងឡាយណា ដែលបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ដូចជា ការបរបាញ់សត្វ ដោយខុសច្បាប់»។
លោករំលឹកថា ករណីថ្មីៗនេះដែលមានការបរបាញ់សត្វខុសច្បាប់ គឺមន្ដ្រីក្រសួងបរិស្ថាន បានធ្វើស៊ើបអង្កេត ក៏ដូចវែងមុខរកអ្នកដែលបានប្រព្រឹត្តកំហុសទាំងនោះយកមកអប់រំ ណែនាំជាដើម ។លោកថាបើសិនមានករណីធ្ងន់ធ្ងរ ក្រសួងបរិស្ថាន កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ផងដែរ។
សូមរំលឹកថា ឆ្នាំ២០២០នេះ គឺជាលើកទី២៧ សម្រាប់កម្ពុជាប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក គឺអភិរក្សជីវៈចម្រុះ ដើម្បីយើងទាំងអស់គ្នា។ ដើម្បីចូលរួមអបអរសាទរ ទិវានេះក្រសួងបរិស្ថានរៀបចំយុទ្ធនាការផ្សព្វផ្សាយជា តាមបណ្តាញអនឡាញ៕EB