មន្ត្រីរូបណាធ្វេីខុសពីការណែនាំ ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ មិនត្រូវលេីកលែងឡេីយ នឹងត្រូវដាក់ពិន័យ
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជួបជាមួយមន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍តាមបណ្តាអធិការខណ្ឌទាំង១៤ ដែលមានមន្ត្រីចូលរួមសរុបចំនួន ៧២៨ នាក់ ( បែកចែកជា ៤ វេន ផ្សេងគ្នា ) ដេីម្បីផ្សព្វផ្សាយការប្រជុំដកពិសោធន៍នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
យោងតាមគេហទំព័រហ្វេស ប៊ុក របស់ ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសេីរដល់កម្លាំងទាំងអស់ដែលបានខិតខំទាំងយប់ថ្ងៃក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសធ្វេីឲ្យអ្នកបេីកបរភាគច្រេីនបានចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លេីង និងស្លាកសញ្ញាចរាចរណ៍ ។ ល ។
ម្យ៉ាងវិញទៀត ឧត្តមសេនីយ៍ឯក បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ ។
ឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ធ្ងន់ថា ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ បេីមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ មន្ត្រីនោះនឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង ។
ជាពិសេស ឧត្តមសេនីយ៍ឯក បានបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីទាំងអស់ត្រូវតែធ្វេីជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបេីកបរ ( អាចនិយាយបានដោយប្រេីកាស ) ។
ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់មន្ត្រីទាំងអស់ត្រូវតែប្រុងប្រយ័ត្នក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៕E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ