ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញវិធានការ៤ចំណុច បន្ថែមទៀតដល់រោងចក្រ សហគ្រាស បើសិនជាមានកម្មករឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្រសួងការងារបានបញ្ជាក់ថា នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០ នេះ ដូចខាងក្រោម៖
១៖ កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន។
២៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករន៏យោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញ ការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។
៣៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោ ជក នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។
៤៖ និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។
ក្រសួងបានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ