ព័ត៌មានទាន់ហេតុការណ៍៖ រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតព៌ណស(គ្រីស្តាល់?)បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។សូមរំលឹកកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាសម្ពន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ។
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ