ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោកត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែឧសភា ដែលក្នុងនោះប្រទេសកម្ពុជាបានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ដើម្បីប្រារព្ធទិវានេះក្នុងគោលបំណងអប់រំផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការអភិរក្សសត្វសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់វា។
សត្វស្លាបទេសន្តរប្រវេសន៍ជាប្រភេទសត្វស្លាបដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់វាពីតំបន់មួយទៅតំបន់មួយទៀត ឬឆ្លងកាត់ប្រទេសជាច្រើនជុំវិញពិភពលោក។ ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានាដែលស្ថិតនៅក្នុងផ្លូវហោះហើររបស់វា។
ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញពីតំបន់ភូមិសាស្ត្រមួយដែលសត្វស្លាបជាច្រើនធ្វើការផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។ បច្ចុប្បន្ននៅលើពិភពលោកមានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិ បត្តិការអ ន្តរជាតិនៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលីចាប់តាំងពីឆ្នាំ២០០៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ។
គិតត្រឹមខែឧសភា ឆ្នាំ២០២០នេះ តំបន់ដីសើមសំខាន់ៗដែលត្រូវបានដាក់បញ្ចូលជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលីមានចំនួន ១៤៧ កន្លែង ហើយបង្កើតបានជាបណ្តាញដ៏ធំមួយក្នុងការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។ងាកមកមើលប្រទេសកម្ពុជាវិញ តំបន់ការពារទេសភាពអន្លង់ព្រីងមាន ផ្ទៃក្រលាសរុប ២១៧ ហិកតា ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានទទួលស្គាល់ជាតំបន់ នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ដោយលេខា ធិការដ្ឋា នកិច្ចសហប្រតិបត្តិការអន្តរជាតិនៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ក្នុងឆ្នាំ២០១៩។ យើងមានមោទនភាពដែលតំបន់ការពារទេសភាពអន្លង់ព្រីងត្រូវបានទទួលស្គាល់ និងដាក់បញ្ចូលជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ