ការស្រាវជ្រាវថ្មី៖ ផ្ទៃដីវៀតណាមភាគខាងត្បូងអាចនឹងលិចទឹកនៅឆ្នាំ ២០៥០ ខណៈដីក្នុងទីក្រុងហូជីមិញ
(វៀតណាម)៖ ផ្ទៃដីនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ស្រុតចុះជាមធ្យមពី ២ ទៅ ៥ ឬ ពី៧ ទៅ ៨ សង់ទីម៉ែត្រក្នុងមួយឆ្នាំៗ ដែលបណ្តាលឱ្យការជន់លិចទីក្រុងមានកាន់តែញឹកញាប់ជាងពេលមុន។ននេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយ របស់ទីភ្នាក់ងាររដ្ឋក្នុងស្រុក រួមទំាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។
របាយការណ៍បានបញ្ជាក់បន្ថែមថា ផ្ទៃដីក្នុងទីក្រុងហូជីមិញ បានស្រុតចុះប្រមាណជា ២៣សង់ទីម៉ែត្រ រាប់ចាប់តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៧ ខណៈនៅសង្កាត់ An Lac ក្នុងខណ្ឌ Binh Tan ផ្ទៃដីស្រុតចុះរហូតដល់ ៨១សង់ទីម៉ែត្រ។ ខណៈនៅតំបន់ខ្លះទៀត កម្រិតស្រុតមាន ៤៣សង់ទីម៉ែត្រ រយៈពេល ១៥ឆ្នាំជាមធ្យម (២០០៦-២០២០) ឬប្រមាណជា ៣សង់ទីម៉ែត្រក្នុងមួយឆ្នាំៗ នេះបើតាមការត្រួតពិនិត្យដោយសាកលវិទ្យាល័យបចេ្ចកវិទ្យាក្រុងហូជីមិញ។
ដោយផ្អែកលើបទពិសោធន៍ទីក្រុងហ្សាការតា និងទីក្រុងតូក្យូ ទីភ្នាក់ងារ JICA ស្នើឱ្យក្រុងហូជីមិញ ទប់ស្កាត់កម្រិតដីដែលស្រុតចុះ។ ខណៈនាយកដ្ឋានធនធានធម្មជាតិ បរិស្ថាន សំណង់ ផែនការ និងវិនិយោគ ត្រូវបានចាត់តាំងឱ្យជួយភ្នាក់ងារ JICA ដើម្បីបង្កើតផែនការឆ្លើយតបទៅនឹងកម្រិតស្រុតចុះផ្ទៃដីនេះ នៅក្នុងត្រីមាសទី៤។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ អង្គការ Climate Central និងជាអង្គការព័ត៌មានមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានធ្វើការវិភាគ និងរាយការណ៍ទៅលើអាកាសធាតុវិទ្យាសាស្ត្រ ដោយបានបង្ហើបថា ភាគច្រើននៃទឹកដីវៀតណាមភាគខាងត្បូង រួមតាំងដីសណ្តទន្លេមេគង្គ និងទីក្រុងហូជីមិញ មជ្ឈមណ្ឌលសេដ្ឋកិច្ចប្រទេសវៀតណាម អាចនឹងត្រូវជន់លិចនៅឆ្នាំ ២០៥០។ ដោយបានបន្ថែមថា នៅឆ្នាំ ២១០០ កម្ពស់ទឹកសមុទ្រនឹងកើនឡើងដល់ ១ម៉ែត្រ ហើយអាចជន់លិចក្រុងហូជីមិញប្រមាណជា ១៨% និងដីសណ្តទន្លេមេគង្គប្រមាណជា ៣៩%ឯណោះ៕