ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
1 ឆ្នាំ មុន
(ភ្នំពេញ)៖ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពការងារ និងផែនការយុទ្ធសាស្ដ្រ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួបរួមគ្នាធ្វើយ៉ាងណាឱ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្រសួងមហាផ្ទៃ មានដំណើរការរលូន សម្រាប់ផ្សព្វផ្សាយព័ត៌មាននានា ជូនសាធារណៈជន បានទស្សនា និងស្ដាប់ផងដែរ។
បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងថា មន្ដ្រីទាំងអស់ត្រូវមានសាមគ្គីភាព រួបរួមគ្នាខិតខំប្រឹងប្រែង បំពេញការងារបន្ថែមទៀត ដើម្បីសម្រេចការងារ តួនាទី ភារកិច្ចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គនាយកដ្ឋាន បានផ្ដាំផ្ញើដល់មន្ដ្រីនគរបាលជាតិក្រោម ឱវាទអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវគោរព និងអនុវត្តតាមលក្ខន្ដិកៈដោយឡែក នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា និងបទញ្ជារបស់កងកម្លាំងនគរបាលជាតិដោយទំនួលខុសត្រូវខ្ពស់។លើសពីនេះ ឯកឧត្តម អគ្គនាយក បានណែនាំបន្ថែមថា មន្ត្រីនគរបាលជាតិក្រោមចំណុះត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ព្រមទាំងមានអកប្បកិរិយា សុភាពរាបសារ និងសេចក្ដីថ្លៃថ្នូរ ឱ្យសាកសមជាមន្ត្រីនគរបាលជាតិ៕