ឡាវព្រមានប្រជាជនទូទាំងប្រទេស ឱ្យប្រុងប្រយ័ត្នចំពោះលទ្ធភាព នៃការបាក់ដី ទឹកជំនន់ ខ្យល់បក់ខ្លាំង និងភ្លៀងពីព្យុះត្រូពិច MA-ON
(ឡាវ)៖ នាយកដ្ឋាន ឧតុនិយម និងជលសាស្ត្រ ក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ បានព្រមានប្រជាជនទូទាំងប្រទេស ឱ្យប្រុងប្រយ័ត្នចំពោះលទ្ធភាព នៃការបាក់ដី ទឹកជំនន់ ខ្យល់បក់ខ្លាំង និងភ្លៀងពីព្យុះត្រូពិច MA-ON ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានCNA នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
ព្យុះត្រូពិច MA-ON នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងទៅកាន់ខេត្តមួយចំនួន នៃប្រទេសឡាវ។ព្យុះនេះនឹងឆ្លងកាត់ភាគខាងជើង នៃប្រទេសវៀតណាម ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍ បន្ទាប់មកផ្លាស់ទីកាត់ប្រទេសឡាវ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើននៅទូទាំងប្រទេស។ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ បណ្តាខេត្តភាគខាងត្បូង ប្រទេសនេះ បានឃើញថាមានផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់បោកខ្លាំង។
ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដល់ថ្ងៃសៅរ៍ ផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់បោកខ្លាំង អាចត្រូវបានគេរំពឹងទុកនៅភាគខាងជើងប្រទេសឡាវ ។ទន្ទឹមនឹងនេះ ព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់បោកខ្លាំង ត្រូវបានគេរំពឹងថានឹងកើតមាន នៅក្នុងខេត្តភាគកណ្តាល រួមទាំងរដ្ឋធានីវៀងច័ន្ទ របស់ឡាវ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ផងដែរ៕