ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្កើតក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ដើម្បីពិនិត្យវាយតម្លៃ ចំពោះសកម្មភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងសិល្បៈ  ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌សង្គម សំដៅចូលរួមលើកស្ទួយអត្តសញ្ញាណវប្បធម៌ សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។

យោងតាមសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ បានឲ្យដឹងថាក្រុមប្រឹក្សាពិន័យ និងលើកសរសើរនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈធ្វើជាប្រធាន។ 

ក្នុងសេចក្ដីសម្រេច បន្ដថាក្រុមប្រឹក្សាពិន័យ និងលើកសរសើរមានភារកិច្ចប្រឹក្សាយោបល់ និងផ្ដល់អនុសាសន៍ដល់ក្រុមលេខាធិការដ្ឋាន ក្នុងការអនុវត្តការដាក់ពិន័យ និងការលើកសរសើរ ចំពោះសកម្មភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងសិល្បៈ ប្រពៃណីទំនៀមទម្លាប់និងសីលធម៌សង្គម។ 

ការបង្កើតក្រុមលេខាធិការដ្ឋាន ត្រូវបានបង្កើតឡើងដើម្បីជាជំនួយការឲ្យ ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ។ ក្រុមលេខាធិការដ្ឋាន មានតួនាទីពិនិត្យតាមដាន ប្រមូលព័ត៌មាននិងសកម្មភាពទាំងឡាយ ជាពិសេសការសិក្សាលើអង្គហេតុ អង្គច្បាប់ និងលើកយោបល់ជូនក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ដើម្បីពិនិត្យ និងសម្រេច។ 

ប្រភពដដែលបញ្ជាក់ថា ក្រុមលេខាធិការដ្ឋានមានសិទ្ធិផ្ដល់លិខិតសរសើរ និងគ្រឿងឥស្សរិយយសលើកទឹកចិត្តជូនអ្នកដែលបានធ្វើសកម្មភាពរួមចំណែកលើកកម្ពស់សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ និងសីលធម៌សង្គម តាមការសម្រេចរបស់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ។ 

 ក្រុមលេខាធិការដ្ឋាន ត្រូវសហការនិងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងការប្រមូលព័ត៌មាន ការវិភាគ ការវាយតម្លៃ ការអប់រំផ្សព្វផ្សាយ និងការអនុវត្ត។ មានតួនាទីតាមដាននិងដោះស្រាយវិវាទផ្សេងៗពាក់ព័ន្ធសកម្មភាពសិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌សង្គម។ ធ្វើរបាយការណ៍អំពីសភាពការណ៍ និងវឌ្ឍនភាពការងារ ជូនក្រុមប្រឹក្សាពិន័យនិងលើកសរសើរ រួមទាំងបំពេញការងារផ្សេងទៀត ដែលប្រធានក្រុមប្រឹក្សាពិន័យនិងលើកសរសើរប្រគល់ជូន៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ