ទីបំផុត អាមេរិកបញ្ជូនទាហានខ្លួន ទៅកាន់ទឹកដីអឺរ៉ុប ជាលើកដំបូង ក្នុងរយៈពេលជិត៨០ឆ្នាំមកនេះ គឺចាប់តាំងតែពីសង្រ្គាមលោកលើកទី២
(អន្តរជាតិ)៖ បន្ទាប់ពីមានការកើនឡើងកម្តៅនៃភាពតានតឹងរវាងរុស្ស៉ី និងសម្ព័ន្ធភាពយោធាណាតូ (NATO) ឥលូវនេះកងពលតូច 101st Airborne របស់កងទ័ពជើងគោកអាមេរិក ត្រូវបានចល័តទៅកាន់តំបន់អឺរ៉ុប ជាលើកដំបូង ក្នុងរយៈពេលជិត៨០ឆ្នាំមកនេះ គឺចាប់តាំងតែពីសង្រ្គាមលោកលើកទី២មក។ទាហានចំនួនប្រមាណ ៤,៧០០នាក់ មកពីមូលដ្ឋាន ហ្វត ខេមប៊ែល (Fort Campbell) របស់កងពលតូច 101st Airborne ដែលស្ថិតក្នុងរដ្ឋខេនថាក់គី (Kentucky) នៃសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនឱ្យទៅពង្រឹងតំបន់ភាគខាងកើតរបស់ NATO។
បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២កងពលតូច 101st Airborne របស់កងទ័ពជើងគោកអាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរ៉ូម៉ានី ដែលសមាជិករបស់អង្គការ NATO។ នៅទីនោះ កងពលតូច 101st Airborne បាននិងកំពុងធ្វើលំហាត់យោធារួម ជាមួយកងកម្លាំងរ៉ូម៉ានី ក្នុងសេណារីយ៉ូស្រដៀងគ្នា នឹងសមរភូមិដែលកងកម្លាំងអ៊ុយក្រែន កំពុងតែប្រយុទ្ធជារៀងរាល់ថ្ងៃ ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។
ទីតាំងនៃការធ្វើសមយុទ្ធយោធា គឺស្ថិតកៀកនឹងព្រំប្រទល់អ៊ុយក្រែនតែម្តង ដែលវាជាសារយ៉ាងច្បាស់មួយ ចំពោះរុស្ស៉ីនិងចំពោះសម្ព័ន្ធមិត្ត NATO របស់អាមេរិក បង្ហាញថា កងកម្លាំងយោធាអាមេរិកគឺនៅទីនេះ និងត្រៀមខ្លួនជានិច្ច។
ក្រុមមេបញ្ជាការកងពលពិសេសនេះ បានសង្កត់ធ្ងន់ថា ពួកគេត្រៀមលក្ខណៈប្រយុទ្ធជានិច្ច ហើយស្របពេលដែលពួកគេ ស្ថិតនៅអឺរ៉ុប ដើម្បីការពារទឹកដីរបស់ NATO ក៏ដោយ ប្រសិនបើការប្រយុទ្ធគ្នាកើនឡើងកម្តៅខ្លាំងក្លា ឬមានការវាយប្រហារណាមួយមកលើ NATO នោះ គឺពួកគេបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីឆ្លងព្រំប្រទល់ចូលទៅកាន់អ៊ុយក្រែន៕