(អង់គ្លេស)៖ វរសេនីយ៍ទោ កងទ័ពជើងគោកលោក Paul Carney បានជំរុញឲ្យកងទ័ពប្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេឲ្យហើយថា ពិភពលោកកំពុងប្រឈមនឹង “ការពិតថ្មី” ហើយថា ចក្រភពអង់គ្លេស បានត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងការឈ្លានពានណាមួយ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
ថ្លែងប្រាប់មេទាហានគ្រប់រូប លោក Paul Carney បានបញ្ជាក់ថា «មេទាហានអង់គ្លេសគ្រប់រូប ត្រូវតែប្រាប់ដល់ក្រុមគ្រួសាររបស់ពួកគេថា ពួកគេអាចនឹងត្រូវដាក់ពង្រាយ ដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី»។
លោក Paul Carney បញ្ជាក់បន្ថែមថា “វាជារឿងសំខាន់ ដែលយើងត្រូវប្រាប់មនុស្សជាទីស្រឡាញ់ និងគ្រួសាររបស់យើង ព្រោះពួកគេនឹងពិបាកពេលបាត់វត្តមានរបស់យើង”។លោកបន្តថា “យើងកំពុងពិភាក្សា អំពីការដាក់ពង្រាយពួកគេឥឡូវនេះ។ ពិភពលោកបានផ្លាស់ប្តូរហើយ ហើយយើងត្រូវតែត្រៀមខ្លួនសម្រាប់ការពិតថ្មី”។ការព្រមានរបស់លោក Carney បានកើតឡើងចំពេលដែលរុស្ស៊ី ត្រូវគេសង្ស័យថា បានបញ្ជូនអ្នកស៊ើបការណ៍ទៅបំផ្លាញរោងចក្រអាវុធក្នុងរដ្ឋសមាជិកណាតូ អាល់បានី។
គួរបញ្ជាក់ថា ក្រសួងការពារជាតិអាល់បានីបានអះអាងថា បុរសពីរនាក់កាន់លិខិតឆ្លងដែនរុស្ស៊ី និងម្នាក់ជាជនជាតិអ៊ុយក្រែន ដែលទំនងជាមកពីសាធារណរដ្ឋបំបែកខ្លួនគ្រប់គ្រងដោយទីក្រុងមូស្គូរបស់ប្រទេសនេះ បានព្យាយាមចូលទៅក្នុងរោងចក្រអាវុធទាំងយប់។ជាលទ្ធផល ទាហានអាល់បានីបីនាក់ដែលការពារឃ្លាំង ត្រូវបានគេបាញ់ដោយអាវុធគីមី៕