(វីដេអូ) សម្ដេចតេជោ ៖ បើគ្មានអ្វីប្រែប្រួលជំនួបកំពូលរវាងរដ្ឋមន្ដ្រីការពារជាតិ ចិន-អាមេរិក នឹងមាននៅខេត្តសៀមរាបនោះ អាចចាត់ទុកថា កម្ពុជា ជាទីកន្លែងសម្របសម្រួលរវាងមហាអំណាច
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បើគ្មានអ្វីប្រែប្រួលជំនួបកំពូលរវាង រដ្ឋមន្ដ្រីក្រសួងការពារជាតិ ចិន-អាមេរិក មាននៅខេត្តសៀមរាបនោះ អាចចាត់ទុកថា កម្ពុជា ជាទីកន្លែងសម្របសម្រួលរវាងមហាអំណាច នឹងនាំទៅដល់ស្ថេរភាពក្នុងតំបន់ និងពិភពលោក។
នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោម នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសង្ឃឹមថា រដ្ឋមន្ដ្រីក្រសួងការពារជាតិ អាមេរិក និងរដ្ឋមន្ដ្រីក្រសួងការពារជាតិចិន នឹងធ្វើកិច្ចការដ៏ល្អមួយនៅក្នុងទឹកដី នៃខេត្តសៀមរាប ខណៈសម្ដេច នឹងមានវត្តមាន នាថ្ងៃស្អែកនេះផងដែរ។
សម្ដេចតេជោ នាយរដ្ឋមន្ដ្រី បានបញ្ជាក់ថា «នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើគ្មានប្រែប្រួលទេនោះ ជំនួបកំពូលរវាង រដ្ឋមន្ដ្រីក្រសួងការពារជាតិរបស់ចិន និងរដ្ឋមន្ដ្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក នឹងមានជំនួបនៅក្នុងខេត្តសៀមរាប អាចចាត់ទុកថា កម្ពុជា ជាទីកន្លែងនៃសម្របសម្រួលមួយរវាងមហាអំណាច ដែលនឹងនាំទៅដល់ស្ថេរភាពនៅក្នុងតំបន់ និងពិភពលោក»។
សូមរំលឹកថា ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM - Retreat - កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។ កិច្ចប្រជុំនេះនឹងដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រជុំ ពាក់ព័ន្ធ ឆ្នាំ២០២២។
លើសពីនេះ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកប ដោយភាពសុខដុម»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ