សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១
ភ្នំពេញ ៖ នាល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី មានប្រសាសន៍កោតសរសើរចំពោះ ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ នេះ ដែលការប្រកួតបានចាប់ផ្តើមនៅថ្ងៃទី ១៩ និងត្រូវបញ្ចប់នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២ នេះ។
សូមជម្រាបជូនដែរ ការប្រកួតកីឡាជាតិលើកទី៣ ត្រូវបានរៀបចំផ្ដោតលើគោលបំណងសំខាន់ៗ ចំនួន ៥ចំណុច រួមមាន៖
ទី១-ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេសដែលបានបណ្ដុះបណ្ដាលរួចឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែង នៅលើទីលានដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
ទី២-កីឡាករកីឡាការិនីបានវាស់ស្ទង់គុណផលកីឡានិងទទួលបានបទពិសោធន៍នៃការប្រកួត។
ទី៣-អាចប៉ាន់ស្មានតម្រូវការទីលាន និងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈស៊ីហ្គេម។
ទី៤-តេស្ដសាកល្បងនៃការរៀបចំពិធីបើកបិទឱ្យស្របតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈស៊ីហ្គេម។
និងទី៥-ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ១៩ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ(SOP)និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឱ្យបាន ត្រឹមត្រូវនិងម៉ឺងម៉ាត់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ