ប្រទេសចិន ហៅសកម្មភាពអាម៉េរិកថា"មុខមាត់ពិតរបស់អាម៉េរិក ជាអ្នកភូតកុហក និងជាអ្នកបង្កើតបញ្ហា"
(ក្រុងប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការពារចិនលោក Wu Qian បានថ្លែងដោយចំហថា "មុខមាត់ពិតរបស់អាម៉េរិក ជាអ្នកភូតកុហក និងជាអ្នកបង្កើតបញ្ហា" ដោយបន្ថែមថា ប្រទេសរបស់លោកប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងរបស់អាម៉េរិកចំពោះការផ្សព្វផ្សាយ "ព័ត៌មានមិនពិត និងព្យាបាទដែលផ្តោតលើប្រទេសចិនលើបញ្ហាអ៊ុយក្រែន"។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានចិន CCTV នៅថ្ងៃទី២៩ មីនា ឆ្នាំ២០២២។
លោក Wu Qian បានសង្កត់ធ្ងន់ថា សង្រ្គាមអ៊ុយក្រែន បានកើតចេញពីហេតុផលផ្សេងៗ និងនៅក្នុង "បរិបទប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ" ប៉ុន្តែបានបង្ហាញឲ្យ "យើងទាំងអស់គ្នាយល់ឃើញថា មហាអំណាចអាម៉េរិកត្រូវតែទទួលខុសត្រូវធំបំផុតសម្រាប់វិបត្តិនាពេលបច្ចុប្បន្ននេះ"។
លោក Wu បាននិយាយថា ទីក្រុងប៉េកាំងចង់ឱ្យ "ភាគីទាំងអស់" "រក្សាទ្វារបើកចំហសម្រាប់ការសន្ទនា ការពិគ្រោះយោបល់ និងការចរចាដើម្បីបន្ធូរបន្ថយ" ស្ថានភាពនៅអ៊ុយក្រែន ហើយថាប្រទេសចិននឹងដើរតួនាទី "ស្ថាបនាក្នុងការស្វែងរក និងសម្រេចបានសន្តិភាព" ។គួរបញ្ចាក់ថា ការកត់សម្គាល់របស់លោក Wu Qian ធ្វើឡើងនៅថ្ងៃតែមួយ ដែលអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា អ៊ុយក្រែន រួមជាមួយបណ្តាប្រទេស EU បានប្រែក្លាយទៅជា “ឧបករណ៍” របស់អាម៉េរិក៕