សម្ដេច ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងបង្កហិង្សាដាក់គ្នា នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវចៀសវាងការបង្កហិង្សាដាក់គ្នា នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ ជាពិសេស យកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍ ផងដែរ។
ពិធីសម្ពោធសមិទ្ធផលនានានៅវត្ត ពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ពីព្រោះថា ជាមធ្យមមានមនុស្សស្លាប់ ចំនួន ៥នាក់រាល់ថ្ងៃ ហើយអាចមានកំណើនថែមទៀតផងដែរ នៅក្នុងឱកាសនៃការធ្វើចរាចរណ៍ក្នុងពិធីបុណ្យធំៗ ដូចជា បុណ្យចូលឆ្នាំថ្មីនេះជាដើម។
សម្ដេច បញ្ជាក់ថា «សូមអំពាវនាវឲ្យចៀសវាងការបង្កហិង្សាដាក់គ្នាក្នុងពេលជួបជុំ ដូចជាការរាំងលេងកំសាន្ត នុងទទួលទានគ្រឿងស្រវឹងជាដើម»។នាឱកាសនោះដែរ សម្ដេច ស ខេង បានលើកឡើងពីការវិវត្តន៍ជាវិជ្ជមាន នៃស្ថានការណ៍នយោបាយនៅកម្ពុជា ដ្បិតប្រជាពលរដ្ឋ និងអ្នកនយោបាយមានការយល់ដឹងច្រើនជាងមុន មានភាពចាស់ទុំជាងមុនផ្នែកនយោបាយ ដោយមិនមានការបង្កហិង្សា ឬការបង្កើតសត្រូវស្លាប់រស់នៅតាមមូលដ្ឋានដោយសារតែនិន្នាការនយោបាយ ដែលខុសឆ្ងាយបើធៀបនឹងពេលបោះឆ្នោតដំបូងៗនៅកម្ពុជា៕EB