អ្នកស្រាវជ្រាវអន្តរជាតិបាននិយាយថា ពួកគេបានរកឃើញផ្កាយដែលនៅឆ្ងាយបំផុតមិនធ្លាប់មាន ពោលមានចម្ងាយប្រហែល ១២.៩ ពាន់លានឆ្នាំពន្លឺពីផែនដី
(បរទេស)៖បើតាមក្រុមអ្នកស្រាវជ្រាវអន្តរជាតិបាននិយាយថា ពួកគេបានរកឃើញផ្កាយដែលនៅឆ្ងាយបំផុតមិនធ្លាប់មាន ពោលមានចម្ងាយប្រហែល ១២.៩ ពាន់លានឆ្នាំពន្លឺពីផែនដី ។ក្រុមស្រាវជ្រាវរួមមានតារាវិទូមកពីសាកលវិទ្យាល័យ Chiba របស់ប្រទេសជប៉ុនបានប្រើតេឡេស្កុបអវកាស Hubble សម្រាប់ការស្វែងរកផ្កាយនេះ ហើយពួកគេប៉ាន់ស្មានថា មានទម្ងន់ធ្ងន់ជាងព្រះអាទិត្យយ៉ាងហោចណាស់ ៥០ ដង ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារAFP កាលពីថ្ងៃអាទិត្រ ទី០៣ ខែមេសា កន្លងទៅ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេកំណត់ទីតាំងវានៅចម្ងាយប្រហែល ៤ ពាន់លានឆ្នាំពន្លឺឆ្ងាយជាងកំណត់ត្រាមុនសម្រាប់ផ្កាយឆ្ងាយដែលបានអង្កេត ។ទន្ទឹមនោះ ពួកគេអាចមើលឃើញផ្កាយតែមួយនៅក្នុងកាឡាក់ស៊ីមួយ ដោយសារតែបាតុភូតមួយហៅថា Gravitational Lening ធ្វើឲ្យផ្កាយនោះភ្លឺជាង ។
គួរបញ្ជាក់ថា ផ្កាយនេះមានចម្ងាយ ១២.៩ ពាន់លានឆ្នាំពន្លឺ ឬអាយុប្រហែល ៩០០ លានឆ្នាំ បន្ទាប់ពីបន្ទុះ Big Bang បានផ្តល់កំណើតដល់សកលលោក ។ការរកឃើញនេះត្រូវបានគេរំពឹងថានឹងផ្តល់នូវតម្រុយអំពីរបៀបដែលផ្កាយមានការវិវត្តន៍នៅក្នុងដំណាក់កាលដំបូងនៃចក្រវាល ៕