(ចិន)៖ លោក Fu Zhenghua អតីតមន្ត្រីម្នាក់ដែលធ្លាប់បម្រើការជាអគ្គស្នងការរងនគរបាល និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសចិន ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តចិន និងដកចេញពីតំណែងសាធារណៈ ដោយសារការបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់របស់បក្ស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន​ស៊ីនហួរ បានចុះផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ការបណ្តេញនិងដកហូតមុខតំណែង ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយគណៈកម្មាធិការកណ្តាល CPC សម្រាប់ការត្រួតពិនិត្យវិន័យ និងគណៈកម្មាធិការត្រួតពិនិត្យជាតិ ដែលជាក្រុមឃ្លាំមើលការប្រឆាំងអំពើពុករលួយកំពូលរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។

លោក Fu Zhenghua ដែលធ្លាប់បានកាន់តួនាទីសំខាន់ៗនៅទីក្រុងប៉េកាំង រួមទាំង រដ្ឋមន្ត្រីយុត្តិធម៌ និងប្រធានការិយាល័យសន្តិសុខសាធារណៈ កំពុងជាប់ការស៊ើបអង្កេតពីបទ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដោយអាជ្ញាធរប្រឆាំងអំពើពុករលួយ ដែលចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន។

អតីត​រដ្ឋមន្ត្រី​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​មួយ​ចំនួន ក្នុងអំឡុងពេលកាន់តំណែងលោកបាន​ឆ្លៀត​យក​ប្រយោជន៍​ពី​តួនាទី​របស់​ខ្លួន «បានឆ្លៀតយក​ទ្រព្យសម្បត្តិ និង​រថយន្ត​របស់​រដ្ឋាភិបាល ​ដើម្បី​ប្រើប្រាស់​សម្រាប់​ខ្លួន និង​ក្រុម​គ្រួសារ ព្រមទាំងទទួលយកសំណូកយ៉ាងច្រើន»

បន្ថែមពីលើការដាក់ទណ្ឌកម្មលើការបណ្តេញចេញពីតំណែងសាធារណៈ និងសមាជិកភាពបក្ស អង្គការឃ្លាំមើល ក៏បានបញ្ជាឱ្យរឹបអូស ប្រាក់ចំណូលខុសច្បាប់ ហើយបទល្មើសដែលសង្ស័យរបស់គាត់នឹងត្រូវបញ្ជូនទៅស្ថាប័នតុលាការដើម្បីធ្វើការស៊ើបអង្កេតបន្ត និងកាត់ទោសតាមច្បាប់។

សូមរំលឹកថាលោកជា Fu Zhenghua អាយុ៦៧ឆ្នាំ ត្រូវបាន ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ