លោកប្រធានាធិបតីអាមេរិកនឹងស្នើការប្រមូលពន្ធអប្បបរមាលើមហាសេដ្ឋីដើម្បីធ្វើជាផ្នែកមួយនៃផែនការថវិកាឆ្នាំ២០២៣
(អាមេរិក)៖ របាយការណ៍របស់សេតវិមានដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា «ពន្ធលើប្រាក់ចំណេញអប្បបរមារបស់មហាសេដ្ឋី» ដែលស្នើឡើងដោយលោក Biden នឹងកំណត់អត្រាពន្ធអប្បបរមា ២០% លើគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនជាង ១០០លានដុល្លារ ពោលគឺស្ថិតនៅក្នុងផែនការមួយដែលភាគច្រើននឹងកំណត់ទិសដៅលើមហាសេដ្ឋីអាមេរិជាង ៧០០នាក់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានRT ។
ឯកសារមួយដែលចេញផ្សាយដោយសេតវិមានបានបង្ហាញថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងស្នើការប្រមូលពន្ធអប្បបរមាលើមហាសេដ្ឋីអាមេរិកធ្វើជាផ្នែកមួយនៃផែនការថវិកាសារពើពន្ធឆ្នាំ២០២៣ ដែលត្រូវបានរំពឹងថានឹងត្រូវបានបង្ហាញនៅថ្ងៃចន្ទនេះ។ផែនការនេះនឹងតម្រូវឱ្យគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនជាង ១០០លានដុល្លារនេះបង់ពន្ធអប្បបរមាចំនួន ២០% លើប្រាក់ចំណូលទាំងអស់របស់ពួកគេ រួមទាំងប្រាក់ចំណូលពីការវិនិយោគដែលមិនទាន់សម្រេចបាន ដែលឥឡូវនេះមិនត្រូវបានបង់ពន្ធ។ការដកហូតពន្ធនេះនឹងជួយកាត់បន្ថយឱនភាពថវិកាប្រហែល ៣៦០ប៊ីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។
គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនបានស្នើច្បាប់ដកហូតពន្ធលើមហាសេដ្ឋីដើម្បីជួយចំណាយលើផែនការផ្លាស់ប្តូរសង្គម និងការប្រែប្រួលអាកាសធាតុរបស់លោក Biden ដែលគេស្គាល់ថាជាផែនការ «Build Back Better» ទោះបីជាកញ្ចប់ចំណាយនេះមិនដំណើរការទៅមុខដោយសារតែការគាំទ្រមិនគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភាក៏ដោយ៕PP