(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិបតីចិនលោក ស៊ី ជិនពីង កុំឱ្យលូកដៃចូលជួយរុស្ស៊ី ហើយថា នឹងជួបផលលំបាកធ្ងន់ធ្ងរប្រសិនចិននៅរឹងទទឹងចង់ជួយរុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។
គួរបញ្ជក់ថាលោក បៃដិន បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក ស៊ី ជិនពីង កាលពីថ្ងៃសុក្រ ហើយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើងដើម្បី ទប់ស្កាត់ និងឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើង ដែរពីភាពស្មុគស្មាញ និងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនផ្ដល់ការគាំទ្រ ឬជាសម្ភារៈដល់រុស្ស៊ី ខណៈទីក្រុងម៉ូស្គូកំពុងវាយប្រហារយ៉ាងសាហាវលើ ទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងលើប្រជាជនស៊ីវិល»។
យ៉ាងណាក៏ដោយ លោក ស៊ី ជិនពីង ឆ្លើយតបដោយបានអះអាងថាចិនមិនចង់ឃើញសង្រ្គាមផ្ទុះឡើងនោះទេ ហើយស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រដល់កិច្ចសន្ទនារវាងរុស្ស៊ី និងអ៊ុយក្រែន៕PP