ភ្នំពេញ ៖ ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ កើនឡើង ៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ។ នេះបើតាមលោក ថោង ខុន រដ្ឋម ន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែង ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។

លោករដ្ឋមន្ត្រី បានថ្លែងថា «ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណជាង៧៤ម៉ឺននាក់ កើនឡើង៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ»។

ដោយឡែកសម្រាប់ខេត្តសៀមរាប រយៈពេល ៧ខែដើម ឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង ១,២៤២,៨៥៤នាក់ កើនឡើង៨៩០%ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលក្នុងនោះទេសចរជាតិមាន ១,១៥៩,០០០នាក់ កើនឡើង៧៩៩% និងទេសចរបរទេសផ្ទៃក្នុង ៨៣,៨៥៤នាក់ កើនឡើង១៣៥២%៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ