(បរទេស)៖កុមារជាងមួយពាន់នាក់ ត្រូវបានជម្លៀសចេញពីជំរុំរដូវក្តៅ បន្ទាប់ពីភ្លើងឆេះព្រៃ បានកើតឡើងនៅក្នុងប្រទេសក្រិក។ ភ្លើងឆេះពីរដាច់ដោយឡែកពីគ្នាកំពុងឆាបឆេះពេញប្រទេស ខណៈវាទទួលរងឥទ្ធិពល នៃរលកកម្ដៅមេឌីទែរ៉ាណេ។ នៅទីក្រុងមាត់សមុទ្រ លូត្រាគី ភាគខាងលិចទីក្រុងអាតែន កុមារចំនួន ១២០០នាក់ត្រូវបានជម្លៀសចេញ ខណៈអណ្តាតភ្លើង បានខិតជិតជំរុំរបស់ពួកគេ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៣។
ជាមួយគ្នានេះ ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យថា ជាអ្នកផ្តើមបង្កជាភ្លើងឆាបឆេះមួយផ្សេងទៀតនៅ Kouvaras (គូវ៉ារ៉ាស) ភាគអាគ្នេយ៍នៃរដ្ឋធានី។ មនុស្សរាប់សិបនាក់ ត្រូវចាកចេញពីផ្ទះរបស់ពួកគេ នៅក្នុងតំបន់ធំទូលាយមួយ ដែលត្រូវបានជួយដោយក្រុមសេវាសង្គ្រោះបន្ទាន់។ សត្វជាច្រើនក៏ត្រូវជម្លៀសចេញដែរ រួមទាំងសេះមួយចំនួនផងដែរ។ រដ្ឋាភិបាលក្រិកបាននិយាយថា ផ្ទះដែលរងផលប៉ះពាល់ដោយអគ្គីភ័យមានសិទ្ធិទទួលបានកន្លែងស្នាក់នៅក្នុងសណ្ឋាគារក្នុងស្រុក ហើយពួកគេនឹងត្រូវបានផ្តល់សំណងនៅពេលក្រោយ៕