ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧  គឺជាការងារដ៏សំខាន់មួយ ក្នុងផែនការយុទ្ធសាស្ដ្រ នៃរដ្ឋាភិបាលឌិជីថល។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហការីទាំងអស់ បានចូលរួមចំណែកកសាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ដើម្បីជំរុញអភិវឌ្ឈន៍ប្រសិទ្ធភាពការងារឱ្យតែល្អឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា «ផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថលនេះ គឺជាការងារដ៏សំខាន់មួយក្នុងផែនការយុទ្ធសាស្ដ្រ នៃរដ្ឋាភិបាលឌិជីថល ស្របតាមផែនការអភិវឌ្ឍបច្ចេកវិទ្យាផងដែរ ដោយសម្តេចក្រឡាហោម បានជំរុញបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់បន្តពិនិត្យលើគ្រប់ជំហានដែលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ច៉ត់បំផុត ដែលប្រាកដថាជាផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព និងលទ្ធផលវិជ្ជមានជាអតិបរិមា»។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្កិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរាយការណ៍នូវសេចក្ដីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូល ថា ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលពី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយការយកចិត្តទុកដាក់សំខាន់ទៅលើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង តាមបែបប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា និងឌីជីថល ដើម្បីជំរុញនូវប្រសិទ្ធភាព នៃការងារ ក្នុងវិស័យសាធារណៈ និងសន្ដិសុខជាតិឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេស គឺការអភវិឌ្ឍធនធានមនុស្ស ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអភិវឌ្ឍគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ បានបន្ដថា លើសពីនេះប្រព័ន្ធបច្ចេកវិទ្យា ក៏ជាកម្លាំងមួយយ៉ាងសំខាន់ ក្នុងការទាញយកនូវផលប្រយោជន៍ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ និងការតភ្ជាប់ប្រព័ន្ធជាលក្ខណៈសកលផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដទៀត យោងតាមស្មារតីនេះ និងដើម្បីជួយក្នុងការជំរុញនូវកិច្ចការកំណត់ដោយរាជរដ្ឋាភិបាល បណ្ដាក្រសួងនានាចំណុះរាជរដ្ឋាភិបាល ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ និងទាន់ពេលវេលាសម្រាប់ការវិឌ្ឍន៍ឥតឈប់ឈរនៃបច្ចេកវិទ្យា ក្នុងយុគ្គសម័យបដិវត្តន៍កម្មឌីជីថល ដោយបានរៀបចំបង្កើតនូវក្របខណ្ឌគោលនយោបាយពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលនេះជាបន្ដបន្ទាប់សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ដោយស្របតាមគោលនយោបាយ និងចក្ខុវិស័យដែលរាជរដ្ឋាភិបាល បានរៀបចំនាពេលកន្លងមក។ 

សូមបញ្ជាក់ដែរថា ការរៀបចំផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ គឺដើម្បីគាំទ្រចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយរដ្ឋាភិបាលឌីជីថលក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់បណ្តាអង្គភាពចំណុះក្រសួងពាក់ព័ន្ធវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមជាមួយការពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិ។ ហើយក៏ជាយន្តការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយថវិកាស្ទួនលើគម្រោងបច្ចេកវិទ្យាឌីជីថលរបស់បណ្តាអង្គភាពចំណុះក្រសួងផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ