ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានព្យាករណ៍ថា នៅរដូវវស្សា អ្នកកើតគ្រុនឈាមអាចកើនទ្វេដង បើធៀបទៅនឹងរដូវប្រាំង ខណៈរយៈពេល៥ខែ ឆ្នាំ២០២០ កម្ពុជាមានករណីគ្រុនឈាម ចំនួន២,១៧២ករណី។

យោងតាមលទ្ធផលសិក្សារបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល អំពាវនាវ ឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងកម្ចាត់ជម្រកមូសខ្លា ដើម្បីកុំឲ្យមានកើតជំងឺគ្រុនឈាម។ 

 បើតាមការសិក្សា ជំងឺគ្រុនឈាមអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ ប្រសិនបើមិនបានបង្ការ និងកម្ចាត់ជម្រកមូសខ្លាដែលជាភ្នាក់ងារចម្លងរោគនោះ។ មូសខ្លា អាចបង្កកំណើតជាបន្តបន្ទាប់ ទាំងនៅក្នុងទឹកថា្ល និងទឹកស្អាត ហើយវាអាចរស់នៅក្នុងសំបកកង់ឡាន និងសំបកកង់ម៉ូតូចាស់ៗ បានយូរជាងវត្ថុដាក់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗ និងចូលចិត្តរស់នៅជិតមនុស្ស។

 

ប្រភពដ៏ដែល បន្ដថា វាមិនអាចហើរលើសពី១៥០ម៉ែត្រ ពីកន្លែងដែលវារស់នៅឡើយ។ ដូច្នេះដើម្បីបង្ការកុំឲ្យមានករណីគ្រុនឈាមកើតឡើង ក្រសួងសុខាភិបាល បានណែនាំទៅពលរដ្ឋ ប្រកាន់ខ្ជាប់នូវការរស់នៅស្អាត និងអនាម័យ បើកទ្វារ បង្អួច ដើម្បីឲ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ និងសម្រាកនៅក្នុងមុងជ្រលក់ថ្នាំឲ្យបានត្រឹមត្រូវ។ ឧស្សាហ៍ផ្លាស់ប្តូរទឹក និងលាងសំអាតកន្លែងដែលដក់ទឹក ដូចជាពាង អាងទឹក ថូផ្កាជាដើម និងការដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក និងចិញ្ចឹមត្រីផ្សេងៗ ដើម្បីកុំឲ្យមានមូសខ្លាបង្កកំណើត៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ