សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំឲ្យ សមត្ថកិច្ចត្រូវមានអាកប្បកិរិយាត្រូវត្រូវចំពោះប្រជាពលរដ្ឋខ្មែរ ហើយរហូតដល់ពេល មិនទាន់ពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយជំងឺកូវីដ-១៩ ទេ។

ក្នុងពិធីប្រគល់រថយន្ដជូនស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានអរគុណទៅដល់សមត្ថកិច្ច ដែលចំណុះក្រសួងមហាផ្ទៃ ដែលចូលរួមគាំទ្រគោលការណ៍ និងវិធានការទប់ស្កាត់ជំងឺ កូវីដ-១៩។ព្រមទាំងអរគុណ មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ដែលបានកាត់ប្រាក់ខែផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩។

សម្ដេច មានប្រសាសន៍ថា «មកដល់ពេលនេះជំងឺនេះ (ជំងឺកូវីដ) មិនទាន់ស្រាកស្រាន្ដ នៅលើសកលលោកយើងនេះ ដែលពីមួយថ្ងៃ ទៅមួយថ្ងៃ មានការកើនឡើងយ៉ាងច្រើន  ហើយអ្នកស្លាប់ក៏មានកើនឡើង។ដោយឡែកសម្រាប់កម្ពុជារបស់យើងមកទល់ពេលនេះ មាន១២២ ហើយបានជាសះស្បើយ៧៧ នៅក្នុងពេទ្យ៤៥ ប៉ុន្ដែមិនមានអ្នកស្លាប់ទេ»។

សម្ដេចក្រឡាហោម បន្ដថា ដូច្នេះមានន័យថា ការយកចិត្តដាក់របស់មន្ដ្រី ក្រសួងសុខាភិបាល ក៏ដូច ជាប្រជាពលរដ្ឋគ្រប់រូប ធ្វើឲ្យជំងឺកូវីដ-១៩ មិនអាចយកឈ្នះបាន។សម្ដេច សង្ឃឹមថា នាពេលខាងមុខនេះ នឹងទទួលបានលទ្ធផលល្អកាន់តែប្រសើរ ក្នុងករណីដែលភាគីពាក់បានខិតខំប្រឹងប្រែង ទប់ស្កាត់នៅជំងឺនេះផងដែរ។ប៉ុន្ដែនិយាយដូច្នេះ ភាគីពាក់ព័ន្ធ មិនបន្ធុលដៃឡើយ ត្រូវតែបន្ដបន្ថែមទៀត ដើម្បីចាត់វិធាន ក្រប់បែបយ៉ាង ដែលអាចធ្វើទៅបាន។

សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាល ចេញវិធានការ មិនឲ្យធ្វើចរាចរណ៍ ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅ ហើយបានលើកពេល ថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ។

សម្ដេចក្រឡាហោម ស ខេង ថា «ការងារនេះមកដល់ពេលនេះ វាមិនបាន១០០%ទេ យើងជឿចឹងពីព្រោះថា នេះបទបញ្ជាមែន ប៉ុន្ដែគឺមិនអនុញ្ញាត្តឲ្យសមត្ថកិច្ចរបស់យើង ដើម្បីហ្នឹងចាត់វិធានតឹងរឹងរហូតដល់ថា យកទោស អ្នកមិនបានគោរពទេ។គ្រាន់ថា អង្វល់ករ អំពាវនាវឲ្យគាត់យល់ ឲ្យចូលរួមតែប៉ុណ្ណឹងទេ ហើយមានអ្នកខ្លះទៅតាមផ្លូវជាតិ មិនបាន ទៅផ្លូវតូចៗ ហើយអ្នកខ្លះទៀតជិះឡាន តែនៅសល់៣០០ម៉ែត្រចុះដើរ ក៏មានដែរ ចុះដើរហើយគាត់ថា ផ្ទះគាត់នៅខាងមុខនេះ យើងធ្វើម៉េច?»។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ខ្ញុំតែតែងណែនាំផ្ដល់នូវមតិយោបល់ ធ្វើម៉េចអាកប្បកិរិយារបស់មន្ដ្រីរបស់យើង គឺមិនត្រូវធ្វើនាំឲ្យប៉ះពាល់ ឬក៏ឈាន់មានការផ្ទុះសាវ៉ាយ អំពើ ហិង្សា ទាំងនោះទេ»៕
ដោយ ៖  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ