ទីបំផុតបុរសម្នាក់ដែលបានសំលាប់សត្វកេងកងបានចេញមុខសុំទោសនិងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិទង្វើបែបនេះតទៅទៀតហើយ
បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចូលខ្លួនមកសុំទោសសាធារណជននិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០។នេះបើតាមការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានដែលបានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថាខ្លួនពិតជាបាន បាញ់សម្លាប់សត្វកេងកងធំមួយក្បាលនោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជនថា៖ «សូមទទួលស្គាល់ការពិតដែលបាញ់សម្លាប់សត្វកេងកងចំនួនមួយក្បាលស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំង អស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជា ពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន»។រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបាន ទទួលស្គាល់កំហុសរបស់ខ្លួននិងស្នើសុំការសណ្តោសប្រណីពីសាធារណជនដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។ លោកបានថ្លែងថាតាមរយៈការទទួលទោសកំហុសនេះគឺក្រសួងបរិស្ថាន ទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។ ឯកឧត្តមបានថ្លែងថា នេះគឺជាគំរូ អាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវជៀសវាង។ជាមួយគ្នានេះលោករដ្ឋលេខាធិ ការបានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិនានាសូមកុំ ប្រព្រឹត្តបទល្មើសបរបាញសត្វ និងកុំបរិភោគសាច់សាច់ព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិនិងការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសត្វកេងកេងគឺជា ប្រភេទសត្វកម្រជិតផុតពូជហើយបច្ចុប្បន្ននេះគេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំ ក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជាជាដើម៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ