រុស្ស៊ី កំពុងត្រៀមរៀបចំបញ្ជូនម៉ាស់ ផ្ដល់ជូនកម្ពុជា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺ COVID-19
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចប់អាណត្តិបាន លោក ឌីមីទ្រី ធ្វីតកូស(Dmitri Tsvetkov) អះអាងថា រុស្ស៊ីកំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស់ មកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០លោក ឌីមីទ្រី ធ្វីតកូស បានថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ និងថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ ដោយលោកបាន មកបំពេញបេសកកម្មការទូត រយៈពេល ៦ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងខ្លាំង ពីសម្ដេចតេជោ ក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំទាំងអស់ របស់រាជាណាចក្រកម្ពុជា ដែលការគាំទ្រនេះ ធ្វើឲ្យលោកបានទទួល ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងបេសកកម្មកាទូត។ ក្នុងរយៈពេល ៦ ឆ្នាំនេះ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខា លើឯកសារចំនួន ៦២ ហើយក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន ១៤ ផងដែរ។
ជាងនេះទៀត លោកក៏បានគោរពជម្រាប ជូនសម្ដេចតេជោថា នៅក្នុងដំណាក់កាលខាងមុខនេះ រុស្ស៊ី នឹងផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ហើយនឹងជួយគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកឌីមីទ្រី ដែលបានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញ បេសកកម្មកាទូតនៅកម្ពុជា។ទន្ទឹមនឹងនេះ សម្ដេចមានប្រសាសន៍ថា លោកឌីមីទ្រី គឺជាឯកអគ្គរដ្ឋទូតមួយ ដែលបានស្ដារឡើងវិញ នូវទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ដែលមានវ័យចំណាស់មកហើយ មកកាន់ដំណាក់កាលថ្មី។ លើពីនោះទៅទៀត លោកក៏បានរៀបចំ ឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការ ហើយជាប្រវត្តិសាស្ត្រ របស់នាយករដ្ឋមន្ត្រីរុស្ស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្ដេចតេជោ ទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋរុស្ស៊ី ដែលតែងតែជួយកម្ពុជាកន្លងមក ហើយបន្តជួយដល់កម្ពុជាតទៀត លើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាការរៀបចំផ្ដល់ម៉ាសដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។សម្ដេចតេជោ បានមានប្រសាសន៍ផងដែរថា ជាការពិតយើងមានទំនាក់ទំនង រយៈពេលយូរឆ្នាំមកហើយ។ យ៉ាងណាក៏ដោយទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរនៅតូចនៅឡើយ ដូច្នេះគប្បីណាយើង ជំរុញពិនិត្យមើលសក្តានុពលទាំងឡាយណា ដែលអាចជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែធំធាត់ឡើងថែមទៀត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ