យ៉ាងហោចណាស់មនុស្ស ២២ នាក់បានស្លាប់ និង ៥២ នាក់កំពុងបាត់ខ្លួន ដោយសារជំនន់ទឹកភ្លៀងនៅក្នុងទីក្រុង Las Tejerias ប្រទេសវ៉េណេស៊ុយអេឡា
(វ៉េណេស៊ុយអេឡា)៖ភ្លៀងខ្លាំងបណ្តាលឱ្យទឹកទន្លេក្នុងក្រុង Las Tejerias របស់ ប្រទេសវ៉េណេស៊ុយអេឡា មានការជន់ឡើងខ្លាំងធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងការបាត់បង់ជីវិតមនុស្ស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
បើតាមអនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Delcy Rodriguez បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ២២ នាក់បានស្លាប់ និង ៥២ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានជំនន់កើតឡើងក្នុងទន្លេតូចៗទាំង៥ នៅកណ្តាលប្រទេសវេណេហ្ស៊ុយអេឡា។មនុស្សដែលស្លាប់ភាគច្រើនគឺជាកុមារតូចៗ។
លោក Rodriguez បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា ភ្លៀងធ្លាក់កាលពីយប់ថ្ងៃសៅរ៍បានបោកបក់ដើមឈើធំៗ និងកំទេចកំទីពីភ្នំជុំវិញចូលទៅក្នុងសហគមន៍ Tejerias ចម្ងាយ ៦៧ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Caracas ដោយធ្វើឱ្យខូចខាតដល់អាជីវកម្ម និងដីស្រែចំការ។
យោងតាមអាជ្ញាធរស្វែងរក និងជួយសង្គ្រោះបានឱ្យដឹងថា ទន្លេមួយក្នុងចំណោមទន្លេដែលលិចទឹកគឺ El Pato បានបោកបក់បំផ្លាញផ្ទះសម្បែង ហាងលក់ទំនិញ និងកន្លែងសត្តឃាត។លោក Carlos Perez អនុរដ្ឋមន្ត្រីសម្រាប់ប្រព័ន្ធការពារស៊ីវិលរបស់ប្រទេសបាននិយាយនៅក្នុង tweet កាលពីថ្ងៃអាទិត្យថា អ្នកជួយសង្គ្រោះរាប់ពាន់នាក់កំពុងស្វែងរកជនរងគ្រោះនៅក្នុងតំបន់នេះ ខណៈចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើង៕