អ្នកស្នងក្បាច់គុនបុរាណខ្មែរល្បុក្កតោ ពេជ្រ ចរណៃ ស្នើសុំប្រជាពលរដ្ឋខ្មែរជួយគាំទ្រ និងលើកទឹកចិត្ត ខណៈនាងខំប្រឹងទាំងលំដាបលំដួសដើម្បីមរតកមួយនេះ
ភ្នំពេញ ៖ ក្រោយពីការសម្ដែងម្ដងៗក្នុងការលើកតម្លៃពីវប្បធម៌របស់ខ្លួនពុំសូវមានអ្នកគាំទ្រនោះ តារាសម្ដែង និងជាអ្នកស្នងតំណែងវិស័យក្បាច់គុនបុរាណខ្មែរល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បានលើកឡើងថា ពួកខ្ញុំខំប្រឹងអួតពី វប្បធម៌ណាស់តែដូចជាមិនសូវមានអ្នកគាំទ្រសោះ ហើយសុំត្រឹមជួយស៊ែរ ឡាច និងខមិនផ្ដល់កម្លាំងចិត្ត។
តារាសម្ដែងរូបនេះ បានលើកឡើងនៅលើផេករបស់ខ្លួនដូច្នេះថា «ពួកខ្ញុំខំប្រឹងអួតពី វប្បធម៌ណាស់តែដូចជាមិនសូវមានអ្នកគាំទ្រសោះ.. ពេលសម្ដែង ម្ដងៗ ភ្លាត់ស្នៀត ថ្លោះដៃ គ្រេចជើង បែក ក្បាល..ល..។ តែពួកខ្ញុំនៅតែញញឹម នៅតែបន្ត ផ្សព្វផ្សាយពី វប្បធម៌ទៀត..! ខ្ញុំសុំពីអ្នកទាំងអស់គ្នាត្រឹមតែ ជួយស៊ែរ ជួយឡាច ខមិនផ្ដល់កម្លាំងចិត្ត..ទៅពួកគាត់ ដែលខំប្រឹង ដើម្បីសិល្បៈ វប្បធម៌ខ្មែរ តើបានទេ? »។
ដោយឡែក កាលពីថ្ងៃទី២០ ខែឧសភា តារាសម្ដែងរូបនេះ ក៏បានចែករំលែកពាក់ព័ន្ធនឹងរឿងមួយទៀតគឺ«ល្ខោនខោន» ចេញពីទំព័រហ្វេសប៊ុក«ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០» នៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ«ពេជ្រ ចរណៃ»ថា «ពួកយើងតែងតែធ្វើជារឿយៗអំពីការផ្សព្វផ្សាយ ធ្វើបទបង្ហាញ បណ្ដុះបណ្ដាល រៀបចំព្រឹត្តិការណ៍រួមទាំងការសម្តែងនូវទម្រង់សិល្បៈបុរាណខ្មែរ ជាពិសេសល្ខោនខោល! ទាំងនេះគឺជាកាតព្វកិច្ចរបស់ពួកយើង! យើងខ្ញុំនៅតែសង្ឃឹមថាមហាគ្រួសារខ្មែរនៅតែបន្តគាំទ្រ និងចូលរួមថែរក្សាកេរមរតកដូនតាទាំងអស់ឲ្យបានស្ថិតស្ថេរជារហូតទៅ ! កុំភ្លេចកេរដូនតា!»។
យោងតាមគេហទំព័រwikipedia បានបញ្ជាក់ថា ល្បុក្កតោ ឬ ជាអក្សរឡាតាំង Bokator ឬ Labokkatao គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ ល្បុក្កតោជាក្បាច់គុនវ័យចំណាស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី១០០០ឆ្នាំមុនមកម្ល៉េះ។
ពាក្យថាល្បុក្កតោមានន័យថា «វាយតោ»។ ពាក្យថា Bok មានន័យថា «វាយ» ឬក្បាច់គុន ហើយ ពាក្យ Tor មានន័យថា «សត្វតោ» ឬ អនុភាព។ និយាយជារួមមក «ល្បុក្កតោ» មានន័យថា ជាកំពូលក្បាច់គុនប្រកបដោយអនុភាព ឬ ក្បាច់គុនខ្លាំងដូចសត្វតោ។ ក្បាច់គុនល្បុក្កតោមាន១២មេ ហើយ ក្នុងមួយមេៗ មានរាប់រយស្នៀតប្រយុទ្ធ។
ល្បុក្កតោត្រូវបានយកទៅប្រយុទ្ធគ្នានៅសមរភូមិ។ ល្បុក្កតោជាក្បាច់គុនដែលប្រើកែង ជង្គង់ ស្នងជើង ដៃ ជើង និងក្បាលជាដើម។ ក្នុងនោះ ស្នា ត្រគាក និង ម្រាមដៃសុទ្ធតែអាចប្រើដើម្បីសម្លាប់គូបដិបក្ខបាន។ អាវុធដំបងឫស្សី និង ដំបងខ្លីក៏ត្រូវបានគេប្រើប្រាស់ផងដែរ។
ចំណែកល្ខោនខោល ឬល្ខោនពាក់របាំងមុខ ត្រូវបានគេហទំព័រដដែល បញ្ជាក់ថា គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៨(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទ្ឋអ្នកកាន់សាសនាព្រះពុទ្ធ។
រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ។ ល្ខោនគឺមានប្រជាប្រិយភាព ក្នុងសម័យលន់នល់ និងពេលបន្ទាប់មកក៍ក្លាយជាមហេសីសំណព្វរបស់ស្តេច សីហនុ។ ពេលនោះមាន៨ក្រុមល្ខោនដែលមានជំនាញ ហើយបន្ទាប់មកត្រូវបែកខ្ញែកដោយសារសង្គ្រាម តែនៅពេលបច្ចុប្បន្ននេះនៅសល់តែមួយក្រុមគឺនៅ វត្តស្វាយអណ្ដែត ចំងាយ ១៥គីឡូម៉ែត ពីទីក្រុងភ្នំពេញ។ ក្រុមថ្មីពីរ ទៀតបានចាប់ផ្តើមក្នុងសង្គ្រាមរួមមានក្រុមកំពង់ធំ និងក្រុមល្ខោនជាតិ ដែលមកពីមន្ទីរវិចិត្រសិល្បៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបច្ចុប្បន្ននេះ ល្ខោន ខោល ក៏ជាផ្នែកមួយនៅក្នុងតារាងកាលវិភាគសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈផងដែរ៕ RR