ភ្នំពេញ ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឲ្យក្រុមហ៊ុនទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តវិធានការការពារទប់ស្កាត់និងបង្ការ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ដើម្បីសុវត្ថិភាព សុខភាព កម្មករនិយោជិត។
ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនឯកជន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក អ៉ិត សំហេង បានថ្លែងថា វិបត្តិនៃការរីករាលដាលកូវីដ-១៩ បានធ្វើឲ្យមានផល ប៉ះពាល់ យ៉ាងច្រើន ។ ក្នុងនោះរោងចក្រ សហគ្រាសមួយចំនួនធំត្រូវបានព្យួរ គ្រឹះស្ថានសិក្សានានា ត្រូវបិទទ្វារទាំងស្រុងទូទាំងប្រទេស និងបង្កឲ្យមានផលប៉ះពាល់ ដល់ជីវភាពរបស់ ប្រជាពលរដ្ឋមួយចំនួនទៀត ទាំងនៅកម្ពុជា និងពិភពលោក។
ក្នុងឱកាសនោះ រដ្ឋមន្រ្តី សម្តែងការពេញចិត្ត ដែលមានក្រុមហ៊ុនអន្តរជាតិមានវត្តមាននៅកម្ពុជា នាំមកនូវស្តង់ដា គុណភាព ស្តង់ដាគ្រប់គ្រងធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញ សម្រាប់ប្រជាជនកម្ពុជា ពិសេសបានចូលរួមបង់ពន្ធ រហូតដល់ទៅជាង ៤០០លាន ដុល្លារក្នុង១ឆ្នាំៗ។
លោកអរគុណក្រុមហ៊ុន ដែលបានចូលរួមយ៉ាងសកកម្ម ក្នុងសកម្មភាព ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារកូវីដ១៩នៅកម្ពុជា ។ បើទោះជារាជរដ្ឋាភិបាល មានការ បិទការ ជួបជុំគ្នាផ្សេងៗក៏ដោយ ប៉ុន្តែមិនបានបិទសង្វាក់អាជីវកម្មនោះទេ ហើយក៏មានពលរដ្ឋកម្ពុជា ក៏នៅតែបន្តគាំទ្រផលិតផល របស់ក្រុមហ៊ុននេះដែរ។
លោក មានប្រសាសន៍ថា «រោងចក្រជាកន្លែងសុវត្ថិភាពសម្រាប់កម្មករ ជាពិសេសមានការពិនិត្យសុខភាព និងការការពារផ្សេងៗជារៀងរាល់ថ្ងៃ បើទោះជានៅកម្ពុជា មានភាពធូរស្រាល បន្តិចក៏ដោយ ប៉ុន្តែនៅលើពិភពលោក នៅតែធ្ងន់ធ្ងរនៅឡើយ ព្រោះមិនទាន់ មានវ៉ាក់សាំង ព្យាបាលនៅឡើយ មានតែអនុវត្តនូវវិធាន ដែលណែនាំដោយ ក្រសួងសុខាភិបាល តែ ប៉ុណ្ណោះ»៕EB