ភ្នំពេញ ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំយុវជន និងកីឡា បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការឆាលហ្វានកម្ពុជា (ChildFund Cambodia) ដើម្បីបំពាក់ប្រព័ន្ធអប់រំ តាមបែបឌីជីថល (អេឡិចត្រូនិក) ដល់សាលារៀនតាតំបន់ជនបទ ដើម្បីផ្ដល់លទ្ធភាព ដល់កុមារក្នុងការបន្តការ សិក្សាតាមបច្ចេកវិទ្យាទំនើប។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា សាលាបឋមសិក្សាជនបទចំនួន ១៥ នឹងទទួលផលពីគម្រោង សាកល្បងនេះ តាមរយៈការបំពាក់ ប្រព័ន្ធមាតិកាឌីជីថល (Content Server) ដែល ផ្ទុកទៅដោយឯកសារ មេរៀនបែបឌីជីថល និងធនធានអប់រំ ជាច្រើនពីគេហទំព័រនានា ជាពិសេសគេហទំព័រគ្រូ www.krou.moeys.gov.kh ដែល សិស្សអាចទាញយកមករៀនសូត្រ ដោយមិនចាំបាច់មានប្រព័ន្ធ អ៊ីនធឺណិតឡើយ។

គម្រោងនេះនឹងផ្តល់លទ្ធភាព ដល់សាលាគោលដៅតាមជនបទ អាចប្រើប្រាស់ធនធានអប់រំ បែបឌីជីថល ដោយដោះស្រាយបញ្ហា ពុំមានប្រព័ន្ធអ៊ីនធឺណិត សម្រាប់ការអប់រំពីចម្ងាយ ។

បច្ចេកវិទ្យាថ្មីនេះ នឹងផ្ដល់ឱកាសឱ្យកុមារ ជនបទបានស្វែងយល់ពី ប្រព័ន្ធអប់រំបែបឌីជីថល និងជួយពង្រឹងសមត្ថភាព គ្រូបង្រៀន ក្នុងការតាមដាន និងវាយតម្លៃសមត្ថភាព របស់សិស្ស។ គម្រោងនេះមិនត្រឹមតែធានាថា កុមារអាចបន្តការសិក្សា ក្នុងស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីត១៩ ប៉ុណ្ណោះទេតែជាការជួយ ឱ្យសាលាតាមជនបទត្រៀមខ្លួន សម្រាប់ការវិវឌ្ឍនាពេលអនាគតផងដែរ។

លើសពីនេះទៀត គម្រោងនេះនឹងត្រូវសាកល្បង តាមសាលាបឋមសិក្សា ក្នុងស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ គម្រោងនេះនឹងផ្តោត លើសិស្ស ពីថ្នាក់ទី១ ដល់ទី៦ ហើយវិធានការកិច្ចការពារកុមារ ទាំងឡាយ នឹងត្រូវបានដាក់បញ្ចូល ដើម្បីធានាថា សិស្សរៀនសូត្រ ដោយគ្មានការភ័យខ្លាច ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ