អ្នកវិទ្យាសាស្ត្រ៖ ផ្ទាំងទឹកកក Doomsday រលាយនៅអង់តាក់ទិក និងអាចបង្កើនកម្រិតទឹកសមុទ្រជាង ៣ម៉ែត្រ
(បរទេស)៖ ផ្ទាំងទឹកកកដ៏សំខាន់បំផុតមួយរបស់ទ្វីបអង់តាក់ទិកកំពុងបន្ដរលាយ ស្របពេលសីតុណ្ហភាពជុំវិញពិភពលោកកំពុងកើនកម្ដៅ ហើយវាក៏អាចគំរាមកំហែងបន្ថែមទៀតដល់ ស្ថិរភាពផ្ទាំងទឹកកកនៅក្នុងតំបន់ទាំងមូលផងដែរ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន ABC NEWS នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។
ផ្ទាំងទឹកកកឈ្មោះ Thwaites មានទីតាំងនៅសមុទ្រ Amundsen នៅភាគខាងលិចទ្វីបអង់តាក់ទិក។ វាគឺជាផ្ទាំងទឹកកកដែលមានការផ្លាស់ប្តូរលឿនបំផុតនៅក្នុងតំបន់។ បើគិតបញ្ចូលទាំងផ្ទាំងទឹកកកនៅកោះ Pine នៅសមុទ្រ Amundsen ផ្ទាំងទឹកកកទាំងពីររួមចំណែកធំបំផុតនៃការកើនឡើងកម្រិតទឹកសមុទ្រចេញពីទ្វីបអង់តាក់ទិក។អ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្ទាំងទឹកកក Thwaites ដែលត្រូវបានគេស្គាល់ថាជា "ផ្ទាំងទឹកកក Doomsday" កំពុងរលាយលឿនជាងការគិតពីមុន ព្រោះថា ទឹកជ្រៅ ដែលកើនឡើងកម្ដៅផ្តល់កម្ដៅដល់ស្រទាប់ផ្ទាំងទឹកកកនាពេលបច្ចុប្បន្ន ឱ្យរលាយពីខាងក្រោម។
រូបភាពពីផ្កាយរណបដែលបានចេញផ្សាយនៅឆ្នាំ២០២០ នៃផ្ទាំងទឹកកកនៅកោះ Pine Island និងផ្ទាំងទឹកកក Thwaites បានបង្ហាញពីតំបន់ដែលមានស្នាមប្រេះខ្លាំង និងការបែកបាក់។ សញ្ញាទាំងពីរបង្ហាញថា ផ្ទាំងទឹកកកទាំងពីរមានកម្រិតផ្ទាំងទឹកកកស្តើងជាងមុន ហើយទឹកកកចុះខ្សោយជាលំដាប់ អំឡុងមួយទសវត្សរ៍កន្លងមក។ប៉ុន្តែ ឥឡូវនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការរលាយផ្ទាំងទឹកកក Thwaites គឺខិតទៅជិតកម្រិតជាង ២,១គីឡូម៉ែត្រក្នុងមួយឆ្នាំ ដែលមានកម្រិតពីរដងនៃអត្រាដែលត្រូវបានអង្កេតដោយរូបភាពផ្កាយរណប នៅចន្លោះឆ្នាំ២០១១ និង២០១៩។
ស្ថានភាពនេះបានធ្វើឱ្យផ្ទាំងទឹកកកនៅលើតំបន់ Thwaites និង កោះ Pine Island កាន់តែមានភាពប្រែប្រួលអាស្រ័យទៅនឹងការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងនៅក្នុងមហាសមុទ្រ បរិយាកាស និងទឹកកកសមុទ្រ។ អ្នកវិទ្យាសាស្ត្របានបន្ដថា ប្រសិនបើទឹកកកតំបន់ Thwaites និងកោះ Pine កាន់តែមានអស្ថិរភាព នោះតំបន់ជិតខាងមួយចំនួនក៏នឹងត្រូវរលាយផងដែរ ហើយវាអាចបណ្តាលឱ្យមានការរលាយទឹកកកទ្រង់ទ្រាយធំ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ទឹកកកនៅតំបន់Thwaites តែឯងអាចបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើងប្រហែល ១០ហ្វីត ឬ៣ម៉ែត្រជាង៕