(ឡាវ)៖ ក្រសួងអប់រំ និងកីឡារបស់ប្រទេសឡាវ បានណែនាំដល់អ្នកគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឱ្យបន្តអនុវត្តតាមវិធានការត្រួតពិនិត្យជំងឺរាតត្បាត ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលឆ្នាំសិក្សាថ្មី ២០២២–២០២៣ បានចាប់ផ្តើម។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទៅ០៦ ខែកញ្ញា ឆ្នាំ២០២២។

 កាលពីដើមឆ្នាំនេះ ក្រសួងបានអនុញ្ញាតឱ្យសាលារៀន និងគ្រឹះស្ថានអប់រំទាំងអស់បើកថ្នាក់រៀនដោយផ្ទាល់ឡើងវិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បុគ្គលិកនៅតាមគ្រឹះស្ថានអប់រំទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងការកើតឡើងជាថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។សមាជិកណាម្នាក់នៃបុគ្គលិក ឬសិស្សានុសិស្សដែលកើតមានរោគសញ្ញាជំងឺកូវីដ-១៩ ត្រូវតែនៅក្រៅសាលារៀន និងស្វែងរកការណែនាំពីគ្រូពេទ្យ ហើយអាចសិក្សា ឬធ្វើការនៅតាមផ្ទះតាមប្រព័ន្ធអនឡាញបាន។

ប្រសិនបើករណីមួយចំនួននៃជំងឺកូវីដ-១៩ ត្រូវបានបញ្ជាក់នៅក្នុងសាលារៀនណាមួយ ក្រុមប្រឹក្សាគ្រប់គ្រងរបស់សាលា និងក្រុមការងារនៃជំងឺកូវីដ-១៩ នឹងអនុវត្តការវាយតម្លៃហានិភ័យ និងសម្រេចថា តើថ្នាក់រៀននោះគួរតែបន្តទៀត ឬក៏ត្រូវផ្អាក។ក្រុមការងារជំងឺកូវីដ-១៩ នៃក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់រដ្ឋបាលអប់រំ និងកីឡាឱ្យបន្តលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពេញលេញ ដើម្បីការពារខ្លួន និងបង្កើនកម្រិតភាពស៊ាំ។

គួរបញ្ជាក់ថា ក្រុមការងារនោះក៏បានណែនាំដល់មជ្ឈមណ្ឌលកីឡាទាំងក្នុង និងក្រៅទីក្រុងវៀងច័ន្ទន៍ និងបណ្តាខេត្តនានាផងដែរឱ្យអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យបានតឹងរ៉ឹង។បុគ្គលិក និងអតិថិជនត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញ ពិនិត្យសីតុណ្ហភាព រក្សាគម្លាតយ៉ាងតិចមួយម៉ែត្រ ពាក់ម៉ាសមុខ និងលាងដៃជាមួយសាប៊ូ ឬទឹកអាកុល៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ