ភ្នំពេញ ៖ បារីអេឡិចត្រូនិចត្រូវបានឧស្សាហកម្មថ្នាំជក់ប្រើកលល្បិចបំភ័នថាជាម៉ាស៊ីនផ្ដាច់បារី  មានសុវត្ថិភាពជាង ឬមានអនាម័យជាងបារីធម្មតា។

លើសពីនេះ  បារីអេឡិចត្រូនិចត្រូវបានឧស្សាហកម្មថ្នាំជក់ផលិតរសជាតិច្រើនជម្រើសសម្រាប់ទាក់ទាញយុវជនវ័យក្មេងឱ្យប្រើប្រាស់។

ការបំភ័នបែបនេះ បានអូសទាញអ្នកដែលមានបំណងចង់ផ្ដាច់បារីប្រមាណ ៦០% នៃអ្នកជក់បារីប្រមាណ ១.១ ពាន់លាននាក់ទូទាំងពិភពលោក ឱ្យចាប់ផ្ដើមងាកមកប្រើប្រាស់បារីអេឡិចត្រូនិច។ ការងាកមកប្រើប្រាស់បារីអេឡិចត្រូនិចវិញ នាំឱ្យពួកគាត់ប្រើប្រាស់ផលិតផលថ្នាំជក់ច្រើនមុខបញ្ចូលគ្នា ឈានទៅរកការប៉ះពាល់សុខភាពរឹតតែធ្ងន់ធ្ងរ។ 

លើសពីនេះទៀត អ្នកដែលជក់បារីអេឡិចត្រូនិចនឹងក្លាយជាអ្នកញៀនបារីធម្មតា២ដង ច្រើនជាងអ្នកដែលមិនប្រើប្រាស់។

រហូតមកទល់ពេលនេះ មិនទាន់មានភ័ស្តុតាងណាមួយត្រូវបានគេបង្ហាញថា បារីអេឡិចត្រូនិចជាឧបករណ៍ម៉ាស៊ីនផ្ដាច់បារីនៅឡើយទេ។ ផ្ទុយទៅវិញ ការប្រើប្រាស់បារីអេឡិចត្រូនិចប៉ះពាល់សុខភាពដូចបារីធម្មតាដែរ ហើយថ្មីៗនេះ មានអ្នករងរបួសសួតចំនួនប្រមាណ ២៨០០ករណី និងស្លាប់ ៦៨នាក់នៅសហរដ្ឋអាមេរិក គិតត្រឹមខែកុម្ភះ ២០២០ យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ របស់សហរដ្ឋអាមេរិក (CDC)។ 

អង្គការសុខភាពពិភពលោកបានលើកឡើងថា “ បារីអេឡិចត្រូនិចមានផ្ទុកសារធាតុនីកូទីននិងសារធាតុពុលផ្សេងទៀតដែលបង្កគ្រោះថ្នាក់ដល់អ្នកជក់និងអ្នកស្រូបចំហាយពីគេ"។ 

ការប្រើប្រាស់បារីអេឡិចត្រូនិចអាចជំរុញឱ្យយុវជនវ័យក្មេងៗទាំងនោះឈានទៅបោះបង់ការសិក្សា ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តិអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។

បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការបន្តបន្ទាប់ក៏ដោយ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិចនៅតាមបណ្ដាញសង្គម Facebook និង YouTube នៅតែមានជាហូរហែ ដែលកត្តាទាំងនេះគឺជាក្ដីបារម្ភមួយ អាចឈានទៅរកវិបត្តិសង្គមក្នុងរយៈពេលដ៏ខ្លីខាងមុខ ដូចបញ្ហាគ្រឿងញៀនដែរ៕  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ