ប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យដែនជម្រកសត្វព្រៃ នៅខេត្តព្រះវិហារ និងតំបន់ខាងជើងបឹងទន្លេសាប
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កំពុងដឹកនាំ ប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុកមួយក្រុមទៅទស្សនាដែនជម្រក សត្វព្រៃគូលែនព្រហ្មទេពនិងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារនិងតំបន់អភិរក្សសត្វខ្សឹប ក្នុងស្រុកស្ទោងខេត្ដកំពង់ធំ នៅថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ ២០២០។
ក្នុងកំឡុងពេលទស្សនកិច្ចនៅខេត្តព្រះវិហារ គណៈប្រតិភូនឹងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន ដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គមិតុ្តភាពសត្វព្រៃ សហគមន៍ អេកូទេសចរណ៍ធម្មជាតិ និងការអភិរក្សសត្វស្លាបធំៗដែលជិតផុតពូជបំផុត រួមទាំងបក្សីជាតិរបស់កម្ពុជាគឺសត្វត្រយងយក្ស នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តព្រះវិហារ។
នៅខេត្ដកំពង់ធំ គណៈប្រតិភូនឹងសិក្សាស្វែងយល់អំពីគម្រោងអភិរក្ស សត្វខ្សឹប និងពិភាក្សា រកវិធីសាស្ត្រថាតើការងារកសិកម្ម និងការងារអភិរក្សអាចអនុវត្តរួមគ្នាបានយ៉ាងដូចម្តេច។ សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។
លោកស្រី Veena Reddy នាយកបេសកកម្មទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំកម្ពុជា បានកត់សម្គាល់ថា ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំប្រទេសកម្ពុជាមានសេចក្តីរីករាយក្នុងការបន្តការគាំទ្ររបស់យើង ជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដើម្បីបង្កើតការងារ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងអភិរក្សបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិតាមរយៈការគាំទ្រដល់ផលិតកម្មស្រូវសរីរាង្គមិត្តភាពសត្វព្រៃនិងសហគមន៍អេកូទេសចរណ៍ធម្មជាតិ។
ចំណែក លោក នេត្រ ភក្ត្រា ថា«ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល សម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនានាក្នុង កិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។EB