(កូរ៉េខាងត្បូង)៖ បន្ទាប់ពី មីស៊ីលរបស់កូរ៉េខាងជើង បានធ្វើដំណើរហោះរំលងភាគខាងជើងប្រទេសជប៉ុននៅពេលព្រឹកថ្ងៃទី០៤ ម្សិលមិញ ដោយត្រូវបានគេជឿថា បានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ឥឡូវនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបាញ់បង្ហោះមីស៊ីលចំនួន ៤គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ នៅព្រឹកថ្ងៃពុធទី០៥ខែតុលានេះ ដើម្បីឆ្លើយតបនឹងកូរ៉េខាងជើងវិញ។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។
បើតាម អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថា ការបាញ់បង្ហោះនេះរួមមានមីស៊ីល ATACMS ចំនួនបួនគ្រាប់ វាជាមីស៊ីលបាញ់ចេញពីដី ដែលអាចហោះបានចម្ងាយប្រហែល ៣២០គីឡូម៉ែត្រ។
អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង បន្ថែមថា ការធ្វើតេស្តនេះ គឺជាសមយុទ្ធលើកទីពីររបស់សម្ព័ន្ធមិត្តក្នុងរយៈពេលតិចជាង ២៤ ម៉ោងបន្ទាប់ពីការបាញ់សាកល្បងបង្កហេតុ កាលពីព្រឹកថ្ងៃអង្គារដោយប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលផ្លោងដោយគ្មានការព្រមានជាមុន ហោះរំលងប្រទេសជប៉ុន៕