សម្តេចក្រឡាហោម ណែនាំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ពលរដ្ឋ
(ព្រៃវែង)៖នាព្រឹកថ្ងៃសុក្រទី៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានទាញចំណាប់អារម្មណ៍អង្គពិធីថា សមិទ្ធផលថ្មីនេះ មានអត្ថន័យឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្ត មនសិការ ការងារ និងឆន្ទៈមោះមុត ក្នុងភាពជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវ មានគំនិតនវានុត្តន៍ និងទស្សនវិស័យជាយុទ្ធសាស្ត្រទាំងបច្ចុប្បន្ន និងអនាគត ព្រមទាំងបង្ហាញអំពី គំនិតច្នៃប្រឌិតខ្ពស់ ក្នុងការខិតខំដើម្បីកសាងបាននូវអគារដ៏ស្កឹមស្កៃនេះទុកជាមរតក និងទីស្នាក់ការកណ្ដាលសម្រាប់មន្ត្រីរាជការខេត្តព្រៃវែងគ្រប់ជំនាន់បំពេញភារកិច្ច និងប្រើប្រាស់ជាប្រយោជន៍សាធារណៈ ជារៀងរហូតតទៅ។
សម្ដេចឧបនាយករដ្ឋមន្រ្តីបន្តថា វត្តមាននៃអគារទំនើបនេះ គឺជាមោទនភាព និងជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលប្រតិបត្តិការថ្នាក់ក្រោមជាតិ ដែលបានយកចិត្តខ្ពស់លើ ការបំពាក់សម្ភារៈគ្រប់ប្រភេទសម្រាប់ការរីកចម្រើនរបស់សង្គមជាតិ និងការធ្វើទំនើបកម្មទីស្នាក់ការនៃរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របតាមការ ព្រមទាំងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ។
សម្ដេចបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់ចេញទិសដៅក្នុងការធ្វើកំណែទម្រង់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារៈ ឧបករណ៍ និងមធ្យោបាយនានា សម្រាប់បំពេញតាម តម្រូវការជាក់ស្ដែងរបស់អង្គភាពនៅមូលដ្ឋាន ឬហៅថា រដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង។
សម្ដេចបន្ថែមថា ក្រសួងមហាផ្ទៃក៏បានរៀបចំដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រោយមកត្រូវបានកែសម្រួល និងបានដំឡើងកម្រិតជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយកន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង និងរដ្ឋបាល ឃុំ សង្កាត់ ទាំងអស់ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានដើរតួអង្គប្រតិបត្តិករផ្ទាល់ ក្នុងការជំរុញ និងយកចិត្តទុកដាក់ខ្ពស់អនុវត្តលក្ខណៈសម្បត្តិទាំង ៧ចំណុច នៃគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងទីក្រុង និងជនបទ។
ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់នូវអនុសាន៍ណែនាំមួយចំនួនដល់រដ្ឋបាលខេត្តព្រៃវែង និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងនោះសម្ដេចរម្លឹកឱ្យរួមគ្នាដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម។ ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការស៊ីវិល នៃសាលាខេត្តព្រៃវែងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ ក្នុងការបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពដើម្បី ប្រសិទ្ធភាពការងារឲ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ពលរដ្ឋ ។
សម្ដេចបានស្នើថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជាពិសេសសេវារដ្ឋបាលដើម្បីទទួល បានជំនឿទុកចិត្ត និងការពេញចិត្តពីប្រជាពលរដ្ឋ បន្តបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស លួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបន្តយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រឿងញៀន ព្រមទាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
សម្ដេចក្រឡាហោម ក៏បានអំពាវនាវ និងណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន មិនត្រូវឱ្យមានជាដាច់ខាតការជួលដីទៅឱ្យប្រជាជននៃប្រទេសជាប់ព្រំដែន ដើម្បីបញ្ចៀសកុំឱ្យមានភាពស្មុគស្មាញ និងបញ្ហាប្រឈមនានាពាក់ព័ន្ធការកំណត់ព្រំដែន ពិសេសកិច្ចការពារបូរណភាពទឹកដីដែលជាភារកិច្ចស្នូលបំផុតរបស់ពួកយើងទាំងអស់គ្នា មិនថាថ្នាក់ដឹកនាំ មន្ត្រី ឬប្រជាពលរដ្ឋនោះឡើយ។
មុននឹងបញ្ចប់ សម្ដេចបានអំពាវនាវឱ្យចូលរួមគាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់របស់ជាតិដែលបាននិងកំពុងប្រព្រឹត្តិទៅជាបន្តបន្ទាប់ គឺព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងដំណើរឆ្ពោះទៅកាន់ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នាខែកក្កដា ឆ្នាំ២០២៣ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងចូលរួមឱ្យព្រឹត្តិការណ៍ទាំងនេះបានប្រព្រឹត្តទៅដោយជោគជ័យ៕