នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ បាតុភូតចន្ទគ្រាសមិនសូវមានឥទ្ធិពលហៅថា Penumbral Eclipse នឹង កើតនៅវេលាម៉ោងប្រមាណ០២៖០០នាទី។ កំឡុងបាតុភូតច័ន្ទគ្រាសនេះ ព្រះច័ន្ទមើលទៅហាក់គ្មានអ្វីប្លែកទេ លុះត្រាតែយើងសង្កេតមើលវាឲ្យជាក់។ 

មូលហេតុដោយសារព្រះច័ន្ទ នឹងត្រូវបាំងស្ទង់ៗដោយស្រមោលផ្នែកខាងក្រៅរបស់ផែនដីហៅថា Penumbra ប៉ុណ្ណោះ។ ទាល់តែវាបាំងដោយស្រមោលផ្នែកខាងក្នុងហៅថា Umbra ទើបមើលទៅឃើញផ្នែកនៃព្រះច័ន្ទ ដែលត្រូវបាំងនោះងងឹតស្តែងៗតែម្តង។ជាការពិតណាស់បាតុភូតច័ន្ទគ្រាសខាងលើមិនសូវជាគួរឲ្យចាប់អារម្មណ៍ប៉ុន្មាននោះទេ។ ក៏ប៉ុន្តែអ្វីដែលពិសេសគឺបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០។ បាតុភូតសូរ្យគ្រាសនោះ គឺជាបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង គេហៅថា Annular Eclipse។ មូលហេតុដែលគេហៅវាបែបនេះ គឺដោយសារ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះច័ន្ទបាំង ព្រះអាទិត្យមែន តែមិនជិតឈឹងឬធ្វើឲ្យងងឹតតែម្តងនោះឡើយ ព្រោះព្រះច័ន្ទមើលទៅរាងតូចជាងព្រះអាទិត្យ ដែលប្រការនេះបណ្តាលឲ្យសូរ្យគ្រាសនោះ មើលទៅដូចជាចិញ្ចៀនភ្លើងមួយយ៉ាងដូច្នោះ។

ដ្បិតកម្ពុជាយើងអាចមើលឃើញបាតុភូតសូរ្យគ្រាសនោះពិតមែន ប៉ុន្តែវានឹងបង្ហាញខ្លួនត្រឹមជាលក្ខណៈបាតុភូតសូរ្យគ្រាស មិនពេញលេញ (Partial Solar Ecipse) តែប៉ុណ្ណោះ។ សម្រាប់កន្លែងដែលមានឱកាសមើលឃើញវាក្នុងទម្រង់ពេញជា Annular Eclipse តែម្តង គឺប្រទេសមួយចំនួននៅអាហ្វ្រិក ប៉ាគីស្ថាន ឥណ្ឌា និងចិន ជាដើម។ សម្រាប់នៅប្រទេសកម្ពុជាយើងនឹងមើលឃើញវា ជាសូរ្យគ្រាស មិនពេញលេញ នៅខ្ទង់វេលាម៉ោង០២៖០០នាទីរសៀល ដល់ម៉ោងខ្ទង់០៣៖០០នាទីរសៀល ហើយនៅម៉ោង០៤៖០០នាទីរសៀល វានឹងបាត់ទៅវិញ។គួរជម្រាបថា សូរ្យគ្រាសខាងលើគឺជាបាតុភូតសូរ្យគ្រាសដំបូងបំផុតប្រចាំទសវត្សរ៍នេះ។ 

ក្នុងឆ្នាំ២០២០នេះគឺមានបាតុភូតសូរ្យគ្រាសសរុប ចំនួន០២ ដោយមួយលើកទៀតនឹងកើតឡើងនៅខែធ្នូ ជាសូរ្យគ្រាសពេញធម្មតា (Total Solar Eclipse) ដែលនឹងអាចមើលឃើញតែនៅ តំបន់ អាមេរិក ខាងត្បូងប៉ុណ្ណោះ។ កាលពីខែធ្នូ ឆ្នាំ២០១៩ បាតុភូតសូរ្យគ្រាស Annular Eclipse ក៏បានកើតឡើងដែរ ហើយកាលនោះកម្ពុជា អាចមើលឃើញវា ក្នុងទម្រង់ជាសូរ្យគ្រាសមិនពេញលេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ