ភ្នំពេញ ៖ ដើម្បីបន្តការពារទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា សម្រេចប្រកាសបន្តពន្យាពេលការបើកដំណើរការ សាលារៀនឡើងវិញ ក្រោយវិស្សមកាលតូច នៅទូទាំងប្រទេស។
នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងបញ្ជាក់ថា ដើម្បីធានាថា អ្នករៀនក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ អាចបន្តរៀនបាននៅតាមផ្ទះ ក្រោមការជួយសម្របសម្រួល ពីមន្ត្រីអប់រំក្រៅប្រព័ន្ធ នៅតាមឃុំ សង្កាត់អាជ្ញាធរដែនដី គ្រូបង្រៀនជាប់កិច្ចសន្យា អប់រំក្រៅប្រព័ន្ធ និងគណៈគ្រប់គ្រងមជ្ឈមណ្ឌល សិក្សាសហគមន៍ យុវជន និងកីឡា បានរៀបចំការផលិតវីដេអូ សម្រាប់ការបង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិច ត្រូនិច (E-Learning) សម្រាប់កម្មវិធីអក្ខរកម្ម និងកម្មវិធីសមមូលបឋមសិក្សាអប់រំក្រៅប្រព័ន្ធ ដើម្បីពង្រីកការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ៕EB