ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ចេញមតិថា បើចង់ទាមទារ យកទឹកដីកម្ពុជា ក្រោមមកធ្វើកម្មសិទ្ធិខ្មែរវិញ គឺអត់បានឡើយ ខណៈបារាំង កាត់ដីខ្មែរឲ្យទៅវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។

លោក សុខ ឥសាន បានថ្លែងបែបនេះ ក្រោយពីអាស៊ីសេរី ចេញផ្សាយនាពេលថ្មីៗថា សមាគមខ្មែរកម្ពុជាក្រោម ហៅថ្ងៃទី៤ ខែមិថុនា ថា ជាថ្ងៃកាន់ទុក្ខជាតិខ្មែរ ដោយសារបារាំងកាត់ដីកម្ពុជាក្រោម ទៅឲ្យវៀតណាម គ្រប់គ្រងទាំងខុសច្បាប់។ ពួកគេនៅរក្សាជំហរ ទាមទារទឹកដីកម្ពុជា ក្រោមមកវិញ។

ជាការឆ្លើយតប ទៅនឹងសមាគមខ្មែរកម្ពុជាក្រោម លោក សុខ ឥសាន បានសរសេរសារ នៅក្នុងគ្រុបតេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ថា ការទាមទារទឹកដីកម្ពុជាក្រោម តាមផ្លូវច្បាប់បាន លុះត្រាតែសភាបារាំង សុខចិត្តលុបចោល ការអនុម័តកន្លងទៅ ដែលបានប្រគល់ទឹកដីកម្ពុជាក្រោម ឲ្យស្តេចបាវដាយនៃអណ្ណាម។

លោកមានប្រសាសន៍ថា «សុខ ឥសាន មិនបានមហាឃាត់ មិនឲ្យទាមទារសិទ្ធរស់នៅ របស់បងប្អូនខ្មែរក្រោមទេ។ តែសុខ ឥសាន បានបញ្ចេញមតិថា បើចង់ទាមទារ យកទឹកដីកម្ពុជាក្រោម មកវិញវាអត់បាន»។

អ្នកនាំពាក្យបញ្ជាក់ថា បើអាចទាមទារទឹកដីកម្ពុជាក្រោមបាន សម្តេចនរោត្តមសីហនុ ក្នុងព្រះរាជ បូជនីយកិច្ចទាមទារឯករាជ្យនោះ ប្រាកដជា ព្រះអង្គទាមទារ យកទាំងកម្ពុជាក្រោមដែរហើយ មិនមែនទាមទារតែទឹកដីកម្ពុជា បច្ចុប្បន្ននេះទេ។

សូមរំលឹកថា កម្ពុជាបានបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ឬកូសាំងស៊ីន ដែលមានខេត្តចំនួន២១កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយសារតែ បារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោម ទៅឲ្យវៀតណាម គឺស្តេចបាវដាយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ