(ជប៉ុន)៖ ប្រទេសជប៉ុន បានថ្កោលទោសការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់ប្រទេសកូរ៉េខាងជើង ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំមកនេះ ដែលបានបង្ខំឱ្យអាជ្ញាធរជប៉ុន ត្រូវប្រកាសចេញសេចក្តីជូនដំណឹង ស្តីអំពីការជម្លៀសប្រជាពលរដ្ឋក្នុងតំបន់ និងបង្ខំផ្អាកសេវារថភ្លើងភ្លាមៗ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

 នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា “ការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម នៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីការបាញ់បង្ហោះជាបន្តបន្ទាប់ ដោយកូរ៉េខាងជើងខ្លួនឯង គឺជាទង្វើដែលគ្មានការប្រុងប្រយ័ត្ន ហើយខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្កា ” ចំពោះចេតនារបៀបនេះ។ វាជាការបាញ់សាកល្បងកាំជ្រួចដ៏សំខាន់បំផុតរបស់ប្រទេសកូរ៉េខាងជើងចាប់តាំងពីខែមករា មកនៅពេលដែលប្រទេសនេះបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមប្រភេទ Hwasong-12 ដែលមានសមត្ថភាពឆ្ពោះទៅដល់ទឹកដីចម្រូងចម្រាស់ Guam របស់សហរដ្ឋអាមេរិក។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានកោះហៅឲ្យមានកិច្ចប្រជុំសន្តិសុខភ្លាមៗ ដើម្បីពិភាក្សាគ្នាលើបញ្ហានេះ។

ការបាញ់បង្ហោះនៅថ្ងៃអង្គារនេះដែរ វាធ្វើឡើងនៅពេលដែលកូរ៉េខាងជើង បង្កើនការសាកល្បងអាវុធរបស់ខ្លួន ដែលពួកគេបាន រចនាវាឡើងដើម្បីវាយប្រហារសម្ព័ន្ធមិត្តក្នុងតំបន់។ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា យ៉ាងហោចណាស់កាំជ្រួចមួយគ្រាប់បានបាញ់ចេញពីកូរ៉េខាងជើង និងបានហោះនៅលើប្រទេសជប៉ុន ហើយត្រូវបានគេជឿថាបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

 អាជ្ញាធរជប៉ុនបានជូនដំណឹង ដល់ប្រជាជននៅតំបន់ភាគឦសានឱ្យជម្លៀសខ្លួន ទៅរកកន្លែងសុវត្ថិភាព តាមរយៈដំណឹងប្រកាសអាសន្ន ដែលមានឈ្មោះថា “J-alert” ជាលើកដំបូងចាប់តាំងពីឆ្នាំ 2017 មកនៅពេលដែលកូរ៉េខាងជើង បានបាញ់មីស៊ីល Hwasong-12 ឆ្លងពីលើប្រទេសជប៉ុន ដូចគ្នានៅក្នុងការងារបាញ់សាកល្បងអាវុធ ដែលជាចេតនាបង្កហេតុរបស់ខ្លួនមុន។ លោក Fumio Kishida បានបន្ថែមថា លោកនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីពិភាក្សាអំពីស្ថានការណ៍ដ៏តានតឹងនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ