ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សង្រ្គាម មិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ហើយសន្តិភាព និងវិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា។

នាឱកាសចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ២០២៣ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីបញ្ហាប្រឈម និង ភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ ។

សម្តេចមហាបវរធិបតី គូសបញ្ជាក់ថា «ក្នុងស្មារតីនេះ កម្ពុជាយល់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ហើយសន្តិភាព និង វិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និង កិច្ចសន្ទនា ក្រោមស្មារតីនៃ នយោបាយឈ្នះ-ឈ្នះ ប៉ុណ្ណោះ»។

នាឱកាសនោះ សម្តេចមហាបវរធិបតី បានលើកឡើងថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុងសកល, អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត, ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និង មជ្ឈភាពអាស៊ាន, និង ត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់។ ការជំរុញពាណិជ្ជកម្មទៅវិញទៅមក, ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងការផ្សារភ្ជាប់នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ