ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់មជ្ឈមណ្ឌល ព្រីនម៉ាណ័ររីសត (Prince Manor Resort) លើគម្រោងរៀបចំដំណើរការនាវា ទេសចរណ៍ នៅតាម ដងទន្លេមេគង្គ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យ ទេស ចរណ៍នៅរាធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឱ្យមានភាពល្អប្រសើរមួយកម្រិតទៀត។
សំណើនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន ជាមួយលោក ស៊ូ ជីស៊ីង (Xu Zhixing) នាយកប្រតិបត្តិក្រុមហ៊ុនព្រីនរៀលអេស្តេតគ្រុប (Prince Real Estate Group) និងប្រតិភូគណៈគ្រប់គ្រងមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត នៅទីស្ដីការក្រសួង ទេសចរណ៍ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
ការបង្ហាញគោលបំណងចង់ឱ្យមាននាវាទេសចរណ៍ធំៗនៅរាជធានីភ្នំពេញ របស់រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ គឺដើម្បីនៅពេលមានកិច្ចប្រជុំធំៗលក្ខណៈអន្តរជាតិនានា កម្ពុជានឹង បានអញ្ជើញ ថ្នាក់ដឹកនាំមកពីអន្តរជាតិ និងសម្ដេចតេជោ ហ៊ុន សែន ឡើងជិះលើនាវាទេសចរណ៍ ពិសាភោជនាហារ ទស្សនាទេសភាពល្អឯកតាមដងទន្លេមេគង្គ។
លោក ថោង ខុន លើកឡើងថា សក្ដានុពលធំនៅទន្លេមេគង្គមានវិស័យកសិកម្ម និងវិស័យ ទេស ចរណ៍ ប៉ុន្តែកម្ពុជាមិនទាន់បានទាញសក្ដានុពលពីទន្លេមេគង្គបានច្រើននៅឡើយទេ ដូច្នេះហើយទើបក្រសួងទេសចរណ៍បានខិតខំជំរុញឱ្យមានការវិនិយោគកាន់តែច្រើននៅតាមដងទន្លេនេះ។
សូមបញ្ជាក់ថា ទន្លេមេគង្គហូរកាត់ពីតំបន់ទីបេ ប្រទេសចិន មកប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាមមានប្រវែងជាង ៤,០០០ គីឡូម៉ែត្រ ក្នុងនោះហូរកាត់ប្រទេស កម្ពុជា ប្រមាណជាង ៤០០ គីឡូម៉ែត្រ ខណៈប្រជាជនប្រមាណ ៥,០០០,០០០ នាក់ក៏កំពុងទទួល ផល ពីទន្លេមេគង្គនេះផងដែរ៕ E B
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ