(កូរ៉េខាងជើង)៖ ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ ដោយចាត់ទុកថានេះជាការលូកលានកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាម សេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។
តាមរយៈដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ បាននិយាយថា ទីក្រុងព្យុងយ៉ាងថ្កោលទោសយ៉ាងខ្លាំងចំពោះការលូកលាន់បញ្ហាកោះតៃវ៉ាន់ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយគាំទ្រចិនយ៉ាងពេញទំហឹង។អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមដូច្នេះថា «វាគឺជារឿងត្រឹមត្រូវដែលរដ្ឋអធិបតេយ្យមួយចាត់វិធានការឆ្លើយតបប្រឆាំងនឹងកម្លាំងខាងក្រៅ ដែលលូកលាន់កិច្ចការផ្ទៃក្នុង និងកំពុងបំផ្លាញបូរណភាពទឹកដីរបស់ខ្លួន»។
ទោះជាយ៉ាងណាក៏ដោយ ខាងសេតវិមាន និងលោកស្រី ផេឡូស៊ីផ្ទាល់បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកស្រីនៅតៃវ៉ាន់ មិនមែនជាការផ្លាស់ប្ដូរ «គោលនយោបាយចិនតែមួយ» របស់សហរដ្ឋអាមេរិកឡើយ ហើយអាមេរិកនៅតែប្រឆាំងការប្រកាសឯករាជ្យរបស់តៃវ៉ាន់៕