(ភ្នំពេញ)៖លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បន្ថែមទៀត ចំពោះជំងឺគ្រុនឈាមខណៈជំងឺនេះបាននិងកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ។លោកថ្លែងបែបនេះ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយមិនគិតថ្លៃនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២មិថុនា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា«រដូវភ្លៀងធ្លាក់បានចូលមកដល់ហើយដូចនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមដោយធ្វើយ៉ាងណាកុំឱ្យមានមូសមានដង្កូវទឹកមានទឹកដក់នៅក្នុងផ្ទះឬនៅជុំវិញផ្ទះរបស់យើងដែលបង្កឱ្យមានមូសមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមខាំដល់កូនចៅយើងហើយឥឡូវនេះមិនកើតតែទៅលើកូនចៅយើងទេគឺកើតទៅលើមនុស្សចាស់ដែរ។ដូច្នេះត្រូវតែសំអាតលាងពាងអីឱ្យបានញឹកញាប់និងស្អាតហើយពេទ្យដាក់អាបេតជូនដើម្បីទប់ស្កាត់កុំឱ្យមានដង្កូវទឹក»។

លោករដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋថានៅកន្លែងណាដែលមានមូសច្រើនត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីឱ្យអាជ្ញាធររាយការណ៍បន្តទៅភ្នាក់ងារសុខាភិបាលចុះមកបាញ់ថ្នាំសម្លាប់មូសខាំដល់កូនចៅយើង។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៤ខែឆ្នាំ២០២៣កន្លងទៅកម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន១៦៦៧ករណីក្នុងនោះស្លាប់ចំនួន៣នាក់មានការកើនឡើងជាង២ដងបើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នាកាលពីឆ្នាំ ២០២២ កន្លងទៅដែលមានត្រឹមតែ ៦១១ ករណីក្នុងនោះស្លាប់ ១នាក់ប៉ុណ្ណោះ។រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេរួមមានខេត្តកណ្តាល រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំខេត្តព្រះសីហនុនិងខេត្តតាកែវ។

ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះ ដោយសារតែកក្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ២០២៣ នេះជាឆ្នាំទី៤ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩កន្លងទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ