លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថានលើកឡើងនៅថ្ងៃទី៥មិថុនាថារបាយការណ៍សិក្សាចំនួនសត្វទន្សោងបង្ហាញថា កម្ពុជាមានសត្វទន្សោចន្លោះពី២៧០០ទៅ៥៧០០ក្បាល ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោង សរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី៥៩០០ទៅ១១០០០ក្បាល ហើយនៅប្រទេសថៃនិងឥណ្ឌូនេស៊ីមាន ត្រឹមខ្ទង់រយ ក្បាលប៉ុណ្ណោះ។
លោកបន្តថា សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយប្រជាពលរដ្ឋកម្ពុជា ត្រូវតែមានមោទនភាព និងត្រូវចូលរួមការពារនិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សទាំងអស់គ្នា ដោយមិនត្រូវជួញដូរ បរិភោគ បរបាញ់ និងចាប់សត្វព្រៃឡើយ។
គួរបញ្ជាក់ថា ចាប់តាំងពីខែមករាដល់ខែមិថុនានេះ សត្វទន្សោងចំនួន៥ក្បាលដែលបានរកឃើញងាប់ក្នុងតំបន់ការពារធម្មជាតិ ដែលក្នុងនោះ១ក្បាលរកឃើញងាប់ដោយជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ១ក្បាលងាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ និង៣ក្បាលងាប់ក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចដោយសារការបាញ់ សម្លាប់ និងកូនទន្សោងញី១ក្បាលរកឃើញស្លាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ៕SP