នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នបច្ចេកវិទ្យាបានផ្សាភ្ជាប់ជាមួយនឹងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ស្ទើរគ្រប់វ័យក៏ព្រោះបច្ចេកវិទ្យាបានផ្តល់នូវគុណតម្លៃជាច្រើនសម្រាប់ជីវភាពរស់នៅ អាជីវកម្ម ទំនាក់ទំនង និងការកំសាន្តជាដើម។
តើមានរឿងអ្វីកើតឡើង ប្រសិនឧបករណ៍បច្ចេកវិទ្យារបស់អ្នកត្រូវបានលួច ឬជ្រៀតចូលដោយខុសច្បាប់? ខាងក្រោមនេះគឺជាហានិភ័យមួយចំនួន ដែលអ្នកអាចជួបប្រទះ៖
១- បែកធ្លាយនូវព័ត៌មានបុគ្គល តួយ៉ាងសារទំនាក់ទំនង រូបភាព វីដេអូ លេខទូរស័ព្ទ (Contacts) ។ល។
២- លួចកាន់កាប់កម្មវិធី ឬគណនីអ៊ីនធឺណិត (ធនាគារចល័ត ហ្វេសប៊ុក តេឡេក្រាម) ។ល។
៣- បន្លំអត្តសញ្ញាណរបស់អ្នក ដើម្បីប្រព្រឹត្តិអំពើល្មើសផ្សេងៗ
៤- ធ្វើការលួចផ្ទេរប្រាក់ ឬប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់អ្នក។
តើអ្នកអាចការពារឧបករណ៍បច្ចេកវិទ្យារបស់អ្នកដោយរបៀបណា?
ខាងក្រោមនេះ គឺជាវិធីសាស្ត្រមូលដ្ឋានចំនួន ០៥ ដែលអ្នកអាចការពារឧបករណ៍បច្ចេកវិទ្យាពីការលួចចូល ឬកាន់កាប់ដោយខុសច្បាប់៖
១- ចាក់សោរឧបករណ៍បច្ចេកវិទ្យា ដោយប្រើលេខកូដសម្ងាត់ដែលពិបាកទស្សន៍ទាយ និងភ្ជាប់ជាមួយតួនាទីផ្ទៀងផ្ទាត់អត្តសញ្ញាណដោយប្រើប្រាស់មុខងារស្កេនផ្ទៃមុខ ឬស្នាមក្រយៅម្រាមដៃ ជាដើម
២- ធ្វើបច្ចុប្បន្នភាពកម្មវិធី និងប្រព័ន្ធប្រត្តិបត្តិការរបស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីជួសជុលនូវចំណុចខ្សោយផ្នែកសុវត្ថិភាព និងការពារពីការវាយប្រហារជ្រៀតចូលពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា
៣- ប្រសិនបើផ្តល់ជូនកូនតូចៗនូវឧបរណ៍បច្ចេកវិទ្យា មាតាបិតា ឬអាណាព្យាបាលគួរកំណត់មុខងារគ្រប់គ្រង (Parental Mode) ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ
៤- បើកដំណើរការមុខងារការពារពីចម្ងាយ (ឧទាហរណ៍ កម្មវិធី “Find My iPhone” “Find My Device” ឬ “Find My Mobile”) ដើម្បីការពារទិន្នន័យ ស្វែងរកឧបករណ៍បច្ចេកវិទ្យា ឬបញ្ជារលុបទិន្នន័យពីចម្ងាយ
៥- ប្រុងប្រយ័ត្នចំពោះការតភ្ជាប់ (ប៊្លូធូស ឬ Wi-Fi) និងប្រើប្រាស់កូដនីយកម្ម (Encryption) រាល់ពេលបញ្ជូនទិន្នន័យឯកជន ឬសម្ងាត់ផ្សេងៗ។