(អន្តជាតិ)៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស Tuvalu លោក Simon Kofe បានថ្លែងសុន្ទរកថាទៅកាន់សន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឈរក្នុងទឹកសមុទ្រ ដោយលោកមានបំណងបង្ហាញឱ្យពិភពលោកបានដឹងថា ប្រទេសរបស់លោកអាចត្រូវលិចចូលទឹកសមុទ្រនៅថ្ងៃណាមួយ ប្រសិនបើគ្មានការទប់ស្កាត់កំណើនកម្ពៅផែនដី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រៅពីមានបំណងចង់បង្ហាញថា ប្រទេសរបស់លោកកំពុងប្រឈមនឹងការលិចលង់ដោយសារទឹកសមុទ្រ លោក Simon Kofe រដ្ឋមន្ត្រីការបរទេសTuvalu បានថ្លែងថា ប្រទេសមហាអំណាច ឬប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន គួរតែប្រឹងប្រែងរួមគ្នាកាន់តែខ្លាំងក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ។ហើយលោកបានចាត់ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ គឺបានកើតឡើងដោយសារតែទង្វើរបស់ប្រទេសធំៗនាពេលកន្លងមក ។

គួរបញ្ជាក់ថា លោក Simon Kofe គឺជាមនុស្សតែម្នាក់គត់ ដែលបានបង្ហាញសកម្មភាពលេចធ្លោជាងគេ ក្នុងកិច្ចប្រជុំសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២១នេះ ខណៈលោកកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសារព័ត៌មានធំៗ ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ